(ក្រុងរីយ៉ូ)៖ កីឡាករប្រដាល់សកលរបស់ប្រទេសម៉ារ៉ុក Hassan Saada ត្រូវបានប៉ូលិសប្រេស៊ីលចាប់ឃាត់ខ្លួនថ្ងៃនេះ ពីបទចាប់រំលោភសេពសន្ថវៈ ស្រ្តីអនាម័យនៅក្នុងអគារភូមិកីឡា កាលពីដើមសប្តាហ៍នេះ។

សារព័ត៌មាន BBC បានចេញផ្សាយឲ្យដឹងនៅយប់ថ្ងៃសុក្រ ទី០៥ ខែសីហានេះថា កីឡាករប្រដាល់ Hassan Saada វ័យ២២ឆ្នាំរូបនេះ បានធ្វើសកម្មភាពចាប់រំលោភស្រ្តី២រូប ខណៈពួកគេបានកំពុងតែសម្អាតបន្ទប់ក្នុងអគារភូមិកីឡា ដែលជាទីកន្លែងសម្រាប់អត្តពលិក មកពីប្រទេសនានាស្នាក់នៅក្នុងអំឡុង Olympic Games 2016។

ទាក់ទងនឹងបញ្ហានេះដែរ ក្រុមអាជ្ញាធរប្រេស៊ីលមិនទាន់សម្រេច បែបណានៅឡើយទេ ដោយរង់ចាំស៊ើបអង្កេតបន្តទៀតផងដែរ និងឃុំខ្លួន Saada រហូតដល់១៥ថ្ងៃ ដែលមានន័យថា កីឡាករវ័យក្មេងរូបនេះ មិនអាចចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១៦ នេះបានឡើយ ត្បិតរូបគេត្រូវប្រកួតស្អែកនេះហើយ។

រហូតមកទល់នឹងពេលនេះ Saada ក៏ដូចជាគណះកម្មាធិការប្រទេសម៉ារ៉ុក ពុំទាន់មានប្រតិកម្មណាមួយនៅឡើយទេ ខណៈដែលការប្រកួតកីឡាអូឡាំពិក បានកំពុងតែបើកសម្ភោធហើយនៅយប់ថ្ងៃសុក្រនេះ ក្នុងពហុកីឡដ្ឋាន Maracana នៃប្រទេសប្រេស៊ីល៕