(ភ្នំពេញ)៖ ផ្នែកឯកជននៃវិស័យទេសចរណ៍ មានការសាទរចំពោះ ការសម្រេចរបស់រាជរដ្ឋាភិបាល ដែលដំឡើងថ្លៃប័ណ្ណចូលទស្សនាតំបន់ប្រាសាទអង្គរ ឲ្យខ្ពស់ជាងតម្លៃចាស់ ហើយបានបែងចែកថវិកាមួយចំនួន ទៅមន្ទីរពេទ្យគន្ធបុប្ផា។

លោក ហូ វណ្ឌី សហប្រធាន​ក្រុម​ការងារ​វិស័យទេសចរណ៍​ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០៥ ខែសីហានេះថា លោកស្វាគមន៍ និងសាទរចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល។   

លោកថា កាលពីឆ្នាំ២០០៤កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំដំឡើងថ្លៃ ចូលទស្សនាប្រាសាទអង្គរ ចំនួន៥ដុល្លារទៅថ្លៃប័ណ្ណចាស់នីមួយៗ ប៉ុន្តែខាងវិស័យឯកជន បានស្នើត្រឡប់ទៅវិញថា សុំការពន្យារពេលសិន។

លោក ហូ វណ្ឌី បានលើកឡើងថា «ការដំឡើងថ្លៃប័ណ្ណនេះ យើងក៏មិនយល់ទាស់អ្វីទេ ព្រោះដើម្បីយកថវិកាទាំងនោះ ទៅជួយមន្ទីរពេទ្យគន្ធបុប្ផា»។

លោក ហូ វណ្ឌី បានបន្តថា លោកគ្រោងនឹងបើកកិច្ចប្រជុំមួយ ដោយមានសមាគមទីភ្នាក់ងារទេសចរណ៍ ជាមួយសមាគមសម្ព័ន្ធទេសចរណ៍ជាតិ ដើម្បីរៀបចំដាក់ចេញផែនការដោះស្រាយមួយចំនួន ដូចជាធ្វើការពន្យល់ដល់ភាគីពាក់ព័ន្ធ និងដៃគូអាជីវកម្មទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីឱ្យមានការទុកចិត្តគ្នាទៅវិញទៅមក ពីមូលហេតុនៃការដំឡើងថ្លៃចូលទស្សនាអង្គរនេះ, សហការជាមួយដៃគូអាជីវកម្មទាំងអស់ ឱ្យគាត់ណែនាំពន្យល់ទៅភ្ញៀវបរទេសបន្តទៀត ពីការដំឡើងថ្លៃនេះ ថាតើមានមូលហេតុអ្វីខ្លះ ដែលតម្រូវឱ្យមានការដំឡើងថ្លៃនេះ។

ទោះជាយ៉ាងណា លោកក៏មានការព្រួយបារម្ភផងដែរ ចំពោះការប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ ព្រោះចំនួនតួលេខដែលដំឡើងថ្លៃប័ណ្ណនោះខ្ពស់ពេក ជិត១០០ភាគរយ ហើយលោកនឹងសុំឱ្យមានការពន្យល់ ឱ្យបានច្បាស់ពីភាគីគ្រឹះស្ថានអង្គរ លើតួលេខដ៏ខ្ពស់នេះ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី០៥ ខែសីហានេះ គ្រឹះស្ថានអង្គរបានចេញសេចក្ដីជូនដំណឹងមួយ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងតម្លៃលក់ប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខតទៅ ក្នុងនោះភ្ញៀវទេសចរបរទេស ចូលទស្សនា១ថ្ងៃ ឡើងពី២០ទៅ៣៧ដុល្លារ, ចូលទស្សនា៣ថ្ងៃឡើងពី៤០ ទៅ៦២ដុល្លារសុពលភាព១០ថ្ងៃ​ និងចូលមើល៧ថ្ងៃ ឡើងពី៦០ទៅ៧២ដុល្លារ សុពលភាព៣០ថ្ងៃ ហើយតម្លៃប័ណ្ណដែលលក់ឲ្យភ្ញៀវទេសចរបរទេសម្នាក់ ត្រូវដក២ដុល្លារ ដើម្បីបញ្ចូលក្នុងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា៕