(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាឱ្យស្ថានទូតខ្មែរនៅប្រទេសម៉ាឡេស៊ី ធ្វើការស្រាវជ្រាវឱ្យបានច្បាស់លាស់ បន្ទាប់ពីមាន​ការផ្សព្វផ្សាយថា មន្រ្តីទូតបានទាមទារប្រាក់ពី ពលការិនីម្នាក់ដែលរងគ្រោះនៅប្រទេសម៉ាឡេស៊ី ជាថ្នូរនឹងការបញ្ជូនត្រឡប់មកកម្ពុជាវិញ។ នេះបើតាម លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី០៥ ខែសីហា នេះ។

កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ស្រ្តីឈ្មោះ ខ្លុយ នី ដែលអះអាងថា ជាពលការិនីខ្មែររងគ្រោះកំពុងនៅប្រទេសម៉ាឡេស៊ី បានទូរស័ព្ទប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថា កាលពីថ្ងៃទី១ ខែសីហា នាងត្រូវមន្រ្តីស្ថានទូតខ្មែរប្រចាំនៅម៉ាឡេស៊ី ទារប្រាក់ចំនួន២លើក នៅពេលដែលគាត់ទៅស្វែងរកអន្តរាគមន៍ ដោយលើកទី១ ចំនួន១០០០រីងហ្គិត និងលើកទី២ ចំនួន៤ពាន់រីងហ្គីត ជាថ្នូនឹងការបញ្ជូនត្រឡប់មកកម្ពុជាវិញ។  

លោក ជុំ សុន្ទរី បានអះអាងថា បន្ទាប់ពីទទួលដំណឹងនេះភ្លាម លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បាបទូរស័ព្ទដោយផ្ទាល់ ទៅអគ្គរាជទូតខ្មែរប្រចាំនៅម៉ាឡេស៊ីភ្លាមតែម្តង ដើម្បីដោះស្រាយរឿង​នេះជា​បន្ទាន់​។ លោកថា «បន្ទាប់ពីទទួលបានព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្រ្តី បានទំនាក់ទំនងផ្ទាល់ទៅអគ្គរាជទូតខ្មែរប្រចាំនៅម៉ាឡេស៊ី។ ព័ត៌មាននេះគឺបានធ្វើឱ្យប៉ះពាល់ជា​ខ្លាំងដល់​កិត្តិយស​​ស្ថានទូត ហើយទន្ទឹមនឹងនោះ ក៏ប៉ះពាល់ដល់កិត្តិយស ក្រសួងការបរទេសដែរ ហើយឯកឧត្តមបានណែនាំឱ្យ អគ្គរាជទូត ត្រូវតែខិតខំរកឱ្យឃើញ​នូវបុគ្គលដែលប្រព្រឹត្ត​អំពើខុសឆ្គងនេះ»

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ពលការិនីបានរាយការណ៍ថា នាងបានទៅកាន់ស្ថានទូតនាម៉ោង៦៖០០ព្រឹក ថ្ងៃទី១ ខែសី ហា ដែលជាម៉ោងស្ថានទូតមិនទាន់បើកទ្វារ ប៉ុន្តែទោះជាយ៉ាងណាអគ្គរាជទូត​ខ្មែរប្រចាំនៅទីនោះបានប្តេជ្ញា ស្រាវជ្រាវឱ្យលម្អិតចំពោះរឿងនេះ។ លោកថា អគ្គរាជទូតខ្មែរប្រចាំនៅម៉ាឡេស៊ី នឹងណាត់ជួបនារីរងគ្រោះ នៅថ្ងៃទី៨ ខែសីហា ខាងមុខ ដើម្បីរៀបចំបែបបទបញ្ជូនរូបនាង មកកាន់ប្រទេសកម្ពុជាវិញ ហើយក៏តម្រូវឱ្យនារីរងគ្រោះ ចង្អុលមុខមន្រ្តីទូតណាដែលទាមទារប្រាក់ពីរូបនាងផងដែរ។

យ៉ាងណាក៏ដោយ ក្រសួងការបរទេស ក៏អំពាវនាវឱ្យពលការិនីខ្មែរ នៅប្រទេសម៉ាឡេស៊ី ដែលរងគ្រោះ ត្រូវទំនាក់ទំនងតាមលេខទូរស័ព្ទ +601 76974855 ដើម្បីទទួលបានការជួយអន្ត​រាគមន៍​ផងដែរ៕