(ភ្នំពេញ)៖ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានអនុញតឲ្យលោកស្រី ប៊ូ ជាំងគូ ឯកអគ្គរដ្ឋទូតចិន ​បញ្ចប់អាណតិ្ដបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។

នៅជំនួបនោះ លោកស្រី ម៉ែន សំអន បានថ្លែងអំណរគុណលោកស្រីទូត ដែលបានដើរតួនាទីយ៉ាងសំខាន់​បំផុតធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបតិ្ដការ រវាងប្រទេសកម្ពុជា និ​ង​ប្រ​ទេសចិន បានឈាន​ដល់ចំណុចកំពូលថ្មីមួយទៀត។ ជាមួយនេះលោកស្រី បានជួយសម្របសម្រួល កិច្ចសហប្រិតបតិ្ដការរវាងក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយនឹងក្រសួង​ត្រួតពិនិត្យប្រទេសចិន។ ក្រៅពីនោះ លោកស្រីក៏បានថ្លែងអំណរគុណ ទៅដល់ប្រទេសចិន ដែលបានផ្ដល់ជំនួយ និង​ឥណទានគ្រប់ប្រភេទ ជួយដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងវិស័យជាច្រើន និងបញ្ជូនអ្នកវិនិយោគ និងទេសចរមកកម្ពុជាដែលធ្វើឲ្យប្រទេសកម្ពុជា មានការប្រែប្រួលមុខមាត់យ៉ាងខ្លាំង។

គួរបញ្ជាក់ថា ជំនួបរវាងឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជាមួយ លោកស្រី ប៊ូ ជាំងគូ ឯកអគ្គរដ្ឋទូតចិនខាងលើនេះ ក៏មានការចូលរួមពី លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការ លោកស្រី សុភ័គ្គ ថាវី រដ្ឋលេខាធិការ លោក ចាប សុថារិទ្ធ នាយកខុទ្ទកាល័យឧបនាយករដ្ឋមន្រ្ដី លោក ហួត ហាក់ អនុរដ្ឋលេខាធិការ លោក តុង វណ្ណៈនាយ ខុទ្ទកាល័យក្រសួងរួមនឹងភាគីចិន រួមមានលេខាទូត អ្នកបកប្រែចិន និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត៕