(ភ្នំពេញ)៖ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ ក្រោយពីបានស្តាប់ចម្លើយលោកមេធាវី គី តិច ជាដើមបណ្តឹងប្តឹង​លោក​ សម​ រង្ស៊ី​ និង​លោក​ស្រី​ ថាក់​ ឡានី​ និងការពិនិត្យបណ្តឹង ព្រមទាំងភស្តុតាងមួយចំនួន បានផ្តល់ប្រយោជន៍ សម្រាប់ឲ្យតំណាងអយ្យការ នឹងបន្តចំណាត់ការស៊ើបអង្កេត នៅក្នុងរឿងក្តីនេះ។

សូមជំរាបថា លោក​ គី​ តិច​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​នៃ​​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​សីហា​នេះ​ បាន​ចូល​ខ្លួន​មក​កាន់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ការពារ​បណ្តឹង​ដែលបានប្តឹង​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ លោក​ស្រី​ ថាក់​ ឡានី​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រង្ស៊ី​។

លោកមេធាវី គី តិច ត្រូវបានចាត់តាំងតំណាងសម្តេចតេជោ ហ៊ុន សែន ក្នុងការដាក់ពាក្យប្តឹង លោក សម រង្ស៊ី និង លោកស្រី ថាក់ ឡានី នាថ្មីៗនេះពាក់ព័ន្ធនឹងការចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ក៏បានចេញដីកាកោះហៅអ្នកស្រី ថាក់ ឡានី ឲ្យចូលមកបំភ្លឺនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២រសៀល, ចំណែកលោក សម រង្ស៊ី ចូលបំភ្លឺថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៨៖៣០នាទីព្រឹក។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅក្នុងស្តាម៉ាតបូកគោ ស្ថិតនៅក្នុងខណ្ឌចំការមននោះ លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ បានចេញមុខមុនគេបង្អស់ ដោយចោទរដ្ឋអំណាចថា ជាអ្នករៀបចំឃាតកម្មលើ លោកបណ្ឌិត កែម ឡី ខណៈដែលសមត្ថកិច្ច កំពុងស៊ើបអង្កេតនៅឡើយ។ ចំណែក លោកស្រី ថាក់ ឡានី ក៏បានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថាជាអ្នកបាញ់សម្លាប់បណ្ឌិត កែម ឡី ដែរ។

ក្រោយពីមានការចោទប្រកាន់បែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ជាការលាបពណ៌ដ៏ធ្ងន់ធ្ងរបំផុត លើរាជរដ្ឋាភិបាល ហើយហៅការចោទប្រកាន់នេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីតែកេងចំណេញនយោបាយ តែប៉ុណ្ណោះ៕