(ព្រះសីហនុ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាល ក្រុងព្រះសីហនុ បានបើកប្រតិបត្តិការក្រុមចោរគាស់ផ្ទះ ជនបរទេសចំនួន ២នាក់ នៅទីរួមខេត្តព្រមទាំងដកហូតសម្ភារ និងវត្ថុតាងមួយចំនួនផងដែរ។

លោកវរសេនីយ៍ទោ ស៊ុត សំអុន នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ខេត្តព្រះសីហនុ បានបញ្ជាក់នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ បង្ក្រាបបាន ក្រោយពីពួកគេធ្វើសកម្មភាព លួចគាស់បង្អួចយកសម្ភារជនរងគ្រោះ នៅវេលាម៉ោង២និង៣០នាទីចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

មន្រ្តីនគរបាល បានបន្តថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ STANLEY ភេទប្រុស ជនជាតិសាំងហ្គាពួ ជាមេការសណ្ឋាគារខូលឡាបា។ សម្រាប់ជនសង្ស័យទាំង២នាក់រួមមានទី១-ឈ្មោះ សរ ចាន់ធីរតនះ អាយុ៣០ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ និងទី២-ឈ្មោះ ហ៊ឹម វិសាល អាយុ២៧ឆ្នាំ មុខរបរគ្មានមានទីលំនៅ ភូមិកូនសត្វ ឃុំបុះញិញ ស្រុកទឹកឈូ ខេត្តកំពត។

ក្រោយការចាប់ខ្លួនកម្លាំងនគរបាល បានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកអែប្លែត១គ្រឿង ម៉ូតូសេ១២៥ សេរីឆ្នាំ២០១៥ចំនួន១គ្រឿង និងឡេបថប១គ្រឿងជាផលនៃអំពើចោរកម្ម ។ ករណីនេះសមត្ថកិច្ច កំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការ រីឯវត្ថុតាងត្រូវបានលោកស្នងការ បានបញ្ជាឲ្យប្រគល់ទៅម្ចាស់ដើមវិញ៕