(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី អឿង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងអាវុធហត្ថ បើកប្រតិបត្តិការបង្ក្រាបមេជួញដូរគ្រឿងញៀន នៅចំណុចផ្លូវជាតិលេខ៩ ភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀនចំនួនជាង១គីឡូក្រាម និងរថយន្ត VIGO ១គ្រឿង។

លោកឧត្តមសេនីយ៍បានបន្ត ជនគ្រឿងញៀនខាងលើមានឈ្មោះ សុផាវ៉ាន់ ស៊ិងដៅវ៉ាន់ ហៅវ៉ាន់ឌី អូន អាយុ៤៨ឆ្នាំ ជនជាតិឡាវ សញ្ជាតិខ្មែរ មានមុខរបរលក់ឈើ និងធ្វើស្រែ ស្នាក់នៅភូមិសាមខាង ឃុំហាសៃឃូន ស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។ ក្រោយពីឃាត់ខ្លួនបាន កម្លាំងអាវុធហត្ថបានដកហូតវត្ថតាងមួយចំនួន រួមមាន ថ្នាំញៀនប្រភេទម្សៅមេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់សរុប ១ ០២៧.៦ក្រាម និងរថយន្ត១គ្រឿង ម៉ាក VIGO Hilux ស៊េរីឆ្នាំ២០១៤ ពណ៌ស ពាក់ស្លាកលេខ ចំប៉ាសាក់ កល-៧៨៨៨។

បច្ចុប្បន្នកម្លាំងជំនាញខេត្ត បានបញ្ជូនជនខាងលើទៅឃុំខ្លួនបណ្ដោះអាសន្ន និងកសាងសំណុំរឿងទៅតុលាការ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់បន្ត៕