(សៀមរាប)៖ មន្ត្រីកាំកុងត្រូលសាខាខេត្តសៀមរាប និងព្រលានយន្តហោះអន្តរជាតិសៀមរាប ដឹកនាំដោយ លោក ង៉ែត ចេក ប្រធានសាខា និងសហការីនៅព្រឹកថ្ងៃទី៥ សីហា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យសុវត្ថិភាព ចំណីអាហារ គ្រឿងកំប៉ុង នំកញ្ចប់ និងអាហារផ្អាប់នៅផ្សារក្រោម ស្ថិតនៅភូមិវិហារចិនក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

លោក ង៉ែត ចេក បានឲ្យដឹងថា ដើម្បីធានាបាននូវសុវត្ថិភាព ចំណីអាហារ ជូនដល់ប្រជាពលរដ្ឋទូទៅ គឺលោកបានដឹកនាំកម្លាំង ចុះប្រតិបត្តិការ ត្រួតពិនិត្យនូវចំណីអាហារ របស់របរវិចខ្ចប់អាហារផ្អាប់ដូចជា (ជ្រក់ស្ពៃ ទំពាំងជ្រក់ សរសៃនំបញ្ចុក) អំបិលម៉ត់ មុខទំនិញហួសកាលបរិច្ឆេទ។ល។ អ្វីដែលសំខាន់ក្នុងការចុះប្រតិបត្តិការ ត្រួតពិនិត្យនៅផ្សារក្រោមខេត្តសៀមរាប នាពេលនេះ មន្ត្រីកាំកុងត្រូវពុំបានរកឃើញនូវ វត្តមានសាធាតុគីមីនោះឡើយ។

លោក ង៉ែត ចេក បានកោតសសើរ ដល់ការយល់ដឹង របស់បងប្អូនអាជីវករនៅផ្សារក្រោម ដែលបានយកចិត្តទុកដាក់និងអនុវត្តតាម ការណែនាំរបស់មន្ត្រីជំនាញ។ ជាមួយគ្នានោះ លោកប្រធានសាខាកាំកុងត្រូល បានណែនាំដល់អាជីវករទាំងអស់សូមរក្សាបាននូវ គោលការណ៍ទាំងនេះបន្តទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សារបាននូវសុខសុវត្ថិភាព ផ្នែកចំណីអាហារជូនដល់ ប្រជាពលរដ្ឋ និងខ្លួនយើងផ្ទាល់។

លោកបានបន្ថែមទៀតថា ការចុះពិនិត្យនេះ គឺធ្វើឡើងជាប្រចាំ តាមការណែនាំចង្អុលបង្ហាញពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងគោលបំណងការពារផលប្រយោន៍ និងសុខភាពអ្នកប្រើប្រាស់ និងទប់ស្កាត់ទាន់ពេលវេលា នូវការធ្វីចររាចរ ចែកចាយលក់ដូរផលិតផល ទំនិញខូចគុណភាព។ ជាមួយគ្នានេះលោក ង៉ែត ចេក ក៏បានអំពាវនាវដល់អាជីវករអ្នកលក់ ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់គឺលក់ដូរនិងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់សុខមាលភាព អ្នកប្រើប្រាស់៕