(កណ្តាល)៖ បន្ទាប់ពីលោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង បានធ្វើបទបង្ហាញពីអំពី «យុវជន និងនយោបាយ» កាលពីថ្ងៃម្សិលមិញហើយនោះ នៅថ្ងៃទី០៥ ខែសីហា លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល បានចូលខ្លួនធ្វើបទបង្ហាញថ្មីមួយទៀតជូនដល់ និស្សិត និងសិក្ខាកាមនៅបណ្ឌិតសភានគរបាលកម្ពុជា ក្រោមប្រធានបទ «យុវជន និងការអប់រំ»។

នៅក្នុងបទបង្ហាញនេះ លោក គីម រិទ្ធី បានលើកបង្ហាញយ៉ាងច្រើនពីតួនាទី និងការចូលរួមចំណែករបស់យុវជនក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ ដើម្បីប្រែខ្លួនជាសរសរទ្រូង នៃសង្គមជាតិ លោក គីម រិទ្ធិ បានលើកឡើងថា យុវជនទាំងអស់ មិនអាចកាត់ផ្តាច់ពី ការអប់រំបាននោះឡើយ។

លោកអភិបាលរងខេត្តកណ្តាល បានបន្តថា ការអប់រំ គឺជាលត់ដំយុវជនឲ្យមានភាពរឹងមាំ ដើម្បីបម្រើសង្គមជាតិឲ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់។

ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងអំណរគុណ និងសម្ដែងកិច្ចស្វាគមន៍ យ៉ាងកក់ក្ដៅ ចំពោះវត្តមាន របស់លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល ដែលបានឆ្លៀតពេលវេលា ដ៏មមាញឹក និងមានតម្លៃអញ្ជើញ ជាវាគ្មិនកិត្តិយសនាពេលនេះ។

លោក សេង ផល្លី បានគូសបញ្ជាក់ថា យុវជន ជាកម្លាំងចលករថ្មី ប្រកបដោយសក្តានុពលខ្ពស់ និងជាធនធានមនុស្ស ដែលប្រទេសជាតិ ត្រូវការយ៉ាង ចាំបាច់បំផុត ក្នុងការអភិវឌ្ឍជាតិ លើគ្រប់វិស័យ ទាំងបច្ចុប្បន្ន និង អនាគត។ ដើម្បីបំពេញបាននូវតួនាទីស្នូល ដ៏មានសារសំខាន់នេះ យុវជនត្រូវតែឆ្លងកាត់ការអប់រំបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈលើក កម្ពស់ សីលធម៌ និងបណ្ដុះមនសិកាសេ្នហាជាតិ ។ ការអប់រំបាន ដើរតួនាទីសំខាន់បំផុត ក្នុងការអភិវឌ្ឍសមត្ថភាពមនុស្ស និងកែច្នៃមនុស្សឱ្យមានតម្លៃ និងមានប្រយោជន៌ដល់សង្គមជាតិ ទាំងមូល។

ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជារូបនេះ បានគូសបញ្ជាក់ថា បទបាឋកថា របស់ លោក គីម រិទ្ធី ពិតជាមានសារៈសំខាន់ណាស់ សម្រាប់បណ្ឌិត្យសភានគរបាលកម្ពុជា ជាពិសេសសម្រាប់ថ្នាក់ ដឹកនាំ មន្រ្តី គ្រូនគរបាលជាតិ និស្សិត សិក្ខាកាមវ័យក្មេងដែលជាយុវជន ដើម្បីទទួលបាននូវ បទពិសោធន៍ល្អៗ និងចំណេះដឹងពីខ្លឹមសារនៃបទបាឋកថានេះ ដើម្បីធ្វើជាមូលដ្ឋាន ចំណេះដឹងក្នុង ការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិបានល្អ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ក្នុងឱកាសនោះដែរ ឧត្ដមសេនីយ៍ឯក ឯក មនោសែន បានធ្វើរបាយការណ៍សង្ខេបជូន វាគ្មិនកិត្តិយសអំពីដំណើរការបណ្ដុះបណ្ដាល និងកម្មវិធីកំណែទម្រង់នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាល ឱ្យឆ្លើយតបនឹងតម្រូវការរបស់អង្គភាពប្រើប្រាស់ កងកម្លាំងនគរបាល និងមន្ត្រីពន្ធនាគារ ស្របតាមបរិបទនៃសកលភាវូបនីយកម្មនិងធានាបាន នៅភាពម្ចាស់ការលើការងារបណ្ដុះបណ្ដាល ។

លោក សេង ផល្លី បានគូសបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបានរៀបចំឡើងស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងស្របតាមផែនការរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ របស់កងកម្លាំងនគរបាល ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕