(កំពង់ធំ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អ្វីដែលសមាគមអតីតយុទ្ធជនខិតខំ ធ្វើនាពេលកន្លងមកមិនទាន់ឆ្លើយតប គ្រប់គ្រាន់តាមសេចក្តីត្រូវការ របស់អតីតយុទ្ធជន ក៏ដូចក្រុមគ្រួសាររបស់គាត់នៅឡើយទេ លោកបានជំរុញឲ្យ មន្រ្តីសមាគមអតីតយុទ្ធជនទាំងអស់ ខិតខំបន្ថែមទៀត ដើម្បីដោះស្រាយផលលំបាកនានា របស់អតីតយុទ្ធជន ដែលជាអ្នកបានបូជា សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ និង សេចក្តីសុខក្សេមក្សាន្តរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា។

ការជំរុញរបស់របស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទបានធ្វើ ឡើងក្នុងឱកាសដែល រូបលោកអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយមួយចំនួន ទៅជូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ។

នៅចំពោះមុខអតីតយុទ្ធជន នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ថា អតីតយុទ្ធជន ដែលបានចូលនិវត្តន៍ សុទ្ធតែបានបូជាអស់កម្លាំងកាយចិត្ត សាច់ស្រស់ឈាមស្រស់នៅលើសមរភូមិ ដើម្បីបុព្វហេតុជាតិមាតុភូមិនាំមកនូវសុខសន្តិភាព និងភាពសុខសាន្តរបស់ជាតិ។ នាយឧត្តមសេនីយ៍ គន់ គីម បានចាត់ទុកថា ការបូជាទាំងនេះថា ជាគុណូបការៈដ៏ឧត្តុងឧត្តម ដែលត្រូវមានសកម្មភាពឆ្លើយតប និងផ្តល់កិត្តិយសឲ្យបានសក្តិសមបំផុត។

នាយឧត្តមសេនីយ៍ គន់ គីម បានទទួលស្គាល់ថា កិច្ចការ ដែលមន្រ្តីសមាគមអតីតយុទ្ធជន បានធ្វើនាពេលកន្លងមក មិនទាន់បានបំពេញសេចក្តីត្រូវការទាំងស្រុង របស់អតីតយុទ្ធជននៅឡើយទេ។ ក្នុងន័យនេះ នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញឲ្យគណៈកម្មាធិការសមាគមគ្រប់ថ្នាក់ ត្រូវបន្តយកអស់សមត្ថភាព លទ្ធភាពដើម្បីបំពេញដល់សេចក្តីត្រូវការពិត របស់អតីតយុទ្ធជន សំដៅរួមចំណែកលើកកម្ពស់ជីវភាព និងអភិវឌ្ឍជីវភាពរស់នៅ របស់អតីតយុទ្ធជន និងគ្រួសារឲ្យមានភាពល្អប្រសើរ។

ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានឲ្យដឹងថា សមាជិកសមាគមអតីតយុទ្ធជន នៅទូទាំងខេត្តកំពង់ធំមានចំនួន ៣,៤៤៧នាក់ ក្នុងនោះពិការ ១,៤៣៣នាក់ និវត្តន៍ជន ៦១២នាក់ ពលី ១,១២៤នាក់ មរណៈ ១៤១នាក់ និង បាត់បង់សមត្ថភាព ១៦៧នាក់។ ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបន្តថា តាមរយៈការធ្វើបច្ចុប្បន្នភាពនាពេលកន្លងមក ខេត្តកំពង់ធំមានសមាជិកអតីតយុទ្ធជន ចំនួន ៩៤នាក់ ដែលពុំមានដី និងផ្ទះសម្បែងរស់នៅពិតប្រាកដ។

ពាក់ព័ន្ធបញ្ហានេះអាជ្ញាធរខេត្ត បានពិនិត្យលទ្ធភាពផ្ទៃដីសម្បទាន សង្គមកិច្ចចំនួន ១៩.១៨ហិកតា នៅឃុំក្រយា ដើម្បីផ្តល់ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ បានកសាងលំនៅដ្ឋាន។

សូមបញ្ជាក់ថា ឈរលើស្មារតី នៃការយកចិត្តទុកដាក់ពីជីវភាព និងសុខទុក្ខរបស់អតីតយុទ្ធជន នៅក្នុងសប្តាហ៍ានេះ នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើដំណើរចុះទៅសួរសុខទុក្ខ សំណេះសំណាល និងផ្តល់លំនៅឋានមួយចំនួន ដល់អតីតយុទ្ធជននៅក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ ហើយថ្ងៃទី០៥ ខែសីហា បានចុះមកដល់ខេត្តកំពង់ធំ។ នាយឧត្តមសេនីយ៍ នឹងបន្តដំណើរ ចុះទៅតាមបណ្តាខេត្តមួយចំនួនទៀតនៅភាគយព្យនៃប្រទេស។

នៅក្នុងពិធីរំលឹកខួប ៩ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០១៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន បានលើកឡើងថា សន្តិភាព ដែលកម្ពុជាមាននាពេលបច្ចុប្បន្នបានមកពីការបូជាសាច់ស្រស់ឈាមស្រស់របស់អតីតយុទ្ធជនកម្ពុជា។ សម្តេចតេជោ បានអំពាវនាវឲ្យសម្បុរសជនចូលរួមធ្វើសកម្មភាពមនុស្សធម៌ ជួយដល់អតីតយុទ្ធជនកម្ពុជា៕