(ភ្នំពេញ)៖ អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា បានឱ្យដឹងថា គ.ជ.ប កំពុងធ្វើការពិចារណាលើសំណើ របស់គណបក្សសង្រ្គោះជាតិ ជុំវិញការស្នើឱ្យ គ.ជ.ប ធ្វើការនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីចុះឈ្មោះបោះឆ្នោតជូនកម្មករ ដែលទៅលេងស្រុកកំណើត ប៉ុន្តែលោកថា អំឡុងចុះឈ្មោះបោះឆ្នោត៣ខែនោះ មន្រ្តីគ.ជ.ប ឈប់សម្រាកតែថ្ងៃបុណ្យភ្ជុំបិណ្ឌ ប៉ុណ្ណោះ ឯថ្ងៃចុងសប្តាហ៍ សៅរ អាទិត្យមិនបានសម្រាកទេ។

ថ្លែងក្នុងសន្និសិទកាសែត នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ លោក ទេព នីថា បានឱ្យដឹងថា «ក្រុមចុះឈ្មោះបោះឆ្នោត គាត់នឹងធ្វើការទាំងថ្ងៃសៅរិ៍ អាទិត្យ ហើយគាត់មានឱកាសឈប់ បានតែថ្ងៃបុណ្យភ្ជុំបិណ្ឌទេ ព្រោះអនុក្រឹត្យបានចែងឱ្យពួកគាត់ បានឈប់សម្រាកចំនួន៣ថ្ងៃ។ គ.ជ.ប មិនទាន់បានពិចារណាក្នុងរឿងនេះទេ ប៉ុន្តែនៅពេលខាងមុខ យើងនឹងឆ្លើយតបលើរឿងនេះ ព្រោះគ.ជ.ប ធ្លាប់មានបទពិសោធន៍ដោះស្រាយរឿងនេះរួចហើយ»

ទោះយ៉ាងណា ការបញ្ជាក់របស់ លោក ទេព នីថា ហាក់ដូចជាចង់មន្រ្តីឱ្យ គ.ជ.ប បានឈប់សម្រាកក្នុងថ្ងៃភ្ជុំបិណ្ឌដែរ ដោយលោកបានឱ្យដឹងថា «ការចុះឈ្មោះបោះឆ្នោតនៅអាណត្តិមុនៗ គឺធ្វើដោយដៃ ចង់ចុះពេលណាក៏បាន តែអាណត្តិនេះ ការចុះឈ្មោះគឺធ្វើដោយម៉ាស៊ីន ហើយបើតាមល្បឿន ម៉ាស៊ីនមួយគ្រឿងចុះបានតែមនុស្ស៨០នាក់ទេ ក្នុងមួយថ្ងៃ បើសិនបើអ្នកទៅចុះឈ្មោះទៅចុះរាប់រយនាក់ (ថ្ងៃបុណ្យភ្ជុំបិណ្ឌ) ក្នុងឃុំសង្កាត់តែមួយ ក៏ចុះអត់បានដែរ ហើយវានឹងមានវិប្បត្តិអ្វីខ្លះដល់គ.ជ.ប»

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ បានផ្ញើលិខិតផ្លូវការទៅ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដោយស្នើឲ្យស្ថាប័ន គ.ជ.ប ពិនិត្យលទ្ធភាព ឲ្យមានការចុះឈ្មោះបោះឆ្នោត នៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ជូនបងប្អូនប្រជាពលរដ្ឋ៕