(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងជាប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា(CLUF) នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ បានដឹកនាំ ប្រជុំសហជីពមូលដ្ឋាន នៅតាមបណ្តារោងចក្រសហគ្រាស ចំនួន១៥៤គោលដៅ ដើម្បីស្វែងយល់ពីទឹកចិត្តពួកគេ ចំពោះសំណើលោក សម រង្សី ដែលបានសុំឱ្យសហភាពអឺរ៉ុប បញ្ឈប់ការនាំចូលទំនិញពីកម្ពុជា ហើយបានទទួលថា ពួកគេនៅតែប្រឆាំងនៅទង្វើអគតិនេះ យ៉ាងក្លៀវក្លាដដែល។

លោក សោម អូន បានឱ្យដឹងថា ក្រុមសកម្មជនសហជីព បានសម្ដែងនូវការមិនបំពេញចិត្ត ចំពោះទង្វើរលោក សម រង្សី ដែលតែងតែស្នើសុំបរទេសឱ្យគាបសង្កត់ប្រទេសកម្ពុជា ដោយផ្សាភ្ជាប់ទៅនឹង លក្ខខណ្ឌដ៏គ្រោះថ្នាក់ ដល់សេដ្ឋកិច្ចជាតិ ហើយជាថ្មីម្តងទៀត លោក សម រង្សី ក៏បានស្នើឱ្យសហភាពអឺរ៉ុបបញ្ឈប់នាំចូលទំនិញពីកម្ពុជា ដែលសំណើនេះ បានបង្ហាញពីការមិនទទួលខុសត្រូវ និងអាចធ្វើឱ្យបាត់បង់ការងារដល់កម្មកររាប់សែននាក់ ដែលកំពុងតែបម្រើការងារនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ សកម្មជនសហជីពទាំងនេះ គឺការលើកបដា ប្រឆាំងលោក សម រង្សី និងជាសារមួយប្រាប់ទៅសហភាពអឺររ៉ុបថា «កម្មករកម្ពុជាត្រូវការទីផ្សារអឺរ៉ុប ដើម្បីមានការងារធ្វើ និងជីវភាពរស់នៅសមរម្យ»

គួរបញ្ជាក់ថា លោក សម រង្ស៊ី បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំ ចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញមិនចេះតែបើកទេ គឺត្រូវមានភ្ជាប់នូវលក្ខខណ្ឌផ្សេងៗ។ លោកបន្តថា បើសភាពអឺរ៉ុបធ្វើដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើមពិចារណាឡើងវិញ នេះបើយោងតាមការ ចេញផ្សាយរបស់វិទ្យុបារាំង RFI នាពេលកន្លងទៅ៕