(ក្រចេះ)៖ លោកវរសេនីយ៍ទោ គង់ ស៊ីដន នាយការិយាល័យប្រឆាំង ការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះថា ជនសង្ស័យជួញដូរគ្រឿងញៀន និងប្រើប្រាស់ចំនួន៩នាក់ ដែលបង្ក្រាបបានជា បន្តបន្ទាប់ ក្នុងរយៈពេល៥ថ្ងៃ (៣១ កក្កដា-៤ សីហា) ត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោយពីបញ្ចប់ការ សួរនាំរួចនៅថ្ងៃនេះ។

លោកវរសេនីយ៍ទោ បានបន្ថែមថា «ការបង្ក្រាបនេះត្រូវបានធ្វើឡើង ដោយមានកិច្ចសហការជាមួយ នគរបាលស្រុកស្នួល និងក្រុងក្រចេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្ត ក្រោមការ សម្របសម្រួលពីស្ថាប័នអយ្យការផងដែរ។ នាយការិយាល័យរូបនេះ បានបន្ដទៀតថា ជនសង្ស័យទាំង៩នាក់នោះ ត្រូវបានកម្លាំងនគរបាល បង្ក្រាបនៅស្រុកស្នួល៤ករណី ឃាត់ខ្លួនមនុស្សបាន៨នាក់ នៅក្រុងក្រចេះ១ករណី ឃាត់ខ្លួន ជនសង្ស័យម្នាក់ក្នុងនោះ សមត្ថកិច្ចបានដកហូតគ្រឿងញៀន ប្រភេទម្ស៉ៅក្រាមពណ៌ស រឺម៉ាទឹកកក៤៤កញ្ចប់»

ជាមួយគ្នានេះដែរ លោកវរសេនីយ៍ទោ បានអះអាងថា លោកនឹងអនុវត្តទៅតាមទិសដៅ ផែនការសម្មភាពរបស់ លោកឧត្តមសេនីយ៍ ស្នងការ លើកិច្ចប្រតិបត្តការ បង្រ្កាបមុខសញ្ញាគ្រឿងញៀន គឺកម្លាំងនគរបាលជំនាញការិយល័យ នឹងបន្តកិច្ចសហការជាមួយនគរបាល ស្រុក-ក្រុង ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗ ដើម្បីចុះអនុវត្តការស្រាវជ្រាវ ចាប់បង្រ្កាបបោសសំអាតឲ្យមានសកម្មភាពកាន់តែខ្លាំង៕