(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌទួលគោក បានបន្តប្រតិបត្តិការបង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ ដោយធ្វើការដកហូតថ្នាំញៀនចំនួន១៥៦កញ្ចប់នៅ ម្តុំរោងចក្រឆ្នាំង តាមផ្លូវរថភ្លើង ក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានបញ្ជាក់ថា «នៅព្រឹកនេះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តិការនៅប្លុករោងចក្រឆ្នាំងផ្លូវរថភ្លើង ក្រុមទី១០៦ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានប្រព្រឹត្តបទល្មើសជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»។

ជនសង្ស័យទាំង៣នាក់រួមមាន ទី១-ឈ្មោះ នួន យ៉ុន អាយុ៥២ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ ត្រយឹង ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ជាអ្នកជួញដូរ)។ ទី២-ឈ្មោះ ម៉ាប់ ឃុយ ហៅខ្មៅ អាយុ២៣ឆ្នាំ មុខរបរជាងបាញ់ថ្នាំរថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (ជាអ្នកប្រើប្រាស់) និងទី៣-ឈ្មោះ ខុម ដេត ហៅដេត អាយុ ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្តស្នាក់នៅភូមិ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល (ជាអ្នកប្រើប្រាស់)។

បើតាមមន្រ្តីនគរបាលក្រោយការចាប់ខ្លួនជនសង្ស័យទាំងនេះ កម្លាំងប្រតិបត្តិការបានដកហូតថ្នាំញៀន១៥៦កញ្ចប់ ក្នុងនោះដកហូតពីជនសង្ស័យឈ្មោះ នួន យ៉ុន ចំនួន១៥៥កញ្ចប់តូច និងចាប់យកពីជនសង្ស័យឈ្មោះ ម៉ាប់ ឃុយ ហៅខ្មៅ ចំនួន០១កញ្ចប់ ម៉ូតូមួយគ្រឿងម៉ាក Honda wave ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខកណ្តាល 1P-2249។ តាមដំណើររឿង ពេលដែលកម្លាំងសមត្ថកិច្ចកំពុងល្បាត ស្រាប់តែធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ឈ្មោះ ម៉ាប់ ឃុយ ហៅខ្មៅ និងឈ្មោះ ខុម ដេត ដែលជាអ្នកជិះម៉ូតូមកទិញគ្រឿងញៀន ប្រើប្រាស់ ហើយយើងបានសាកសួរ និងបន្តនីតិ វិធីឃាត់ខ្លួនជនសង្ស័យឈ្មោះ នួន យ៉ុន ដែលជាអ្នកលក់ និងចាប់យកវត្ថុតាងបានជាក់ស្តែងតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមបន្តតាមផ្លូវច្បាប់៕

Advertising