(ភ្នំពេញ)៖ ទីបំផុតជោគវាសនា របស់អត្តពលិករុស្ស៊ីសរុប ៣៨៩នាក់ ត្រូវបានកំណត់មុនពេល ពិធីបើកការប្រកួតកីឡា Olympic Games 2016 ជាផ្លូវការនៅថ្ងៃទី០៥ ខែសីហានេះ នៅទីក្រុង Rio ប្រទេសប្រេស៊ីល ដោយមានតែអត្តពលិក ២៧១នាក់ប៉ុណ្ណោះ ត្រូវបានប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) និងគណៈកម្មការរៀបចំព្រឹត្តិការណ៍ កីឡាពិភពលោកនេះ អនុញ្ញាតឲ្យចូលរួមប្រកួត។ នេះបើយោងតាមសំដីលោក វ៉ាត់ ចំរើន នាយកបេសកកម្មដឹកនាំ អត្តពលិកកម្ពុជា ឲ្យដឹងពីប្រទេសប្រេស៊ីលមុននេះ។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា សម្រាប់លទ្ធផលសម្រេច ចុងក្រោយនៅថ្ងៃទី០៥ សីហានេះ គឺអត្តពលិករុស្សីមានតែ ២៧១នាក់ប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួត ហើយ ១១៨នាក់ទៀត មិនបានចូលរួមឡើយ ដោយសារជាប់ពិន័យនៃការប្រើប្រាស់សារធាតុប៉ូវកម្លាំង ឬសារធាតុហាមឃាត់ ដែលជាបទល្មើសធ្ងន់ធ្ងរមួយក្នុងវិស័យកីឡា។

ទន្ទឺមគ្នានោះលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ បានបញ្ជាក់ថា ភាពស្អាតស្អំរបស់ អត្តពលិក (Clean athlete) ត្រូវបានធានា។ ដោយឡែកលោក Alexander Zukos ប្រធានគណៈកម្មាធិការអូឡាំពិក រុស្សី ក៏ទទួលយកដោយសេចក្ដីរីករាយ ចំពោះការសម្រេចចុងក្រោយនេះដែរ។

ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល នឹងបើកសម្ពោធប្រកួតនៅរាត្រីថ្ងៃទី០៥ ខែសីហា នេះតទៅហើយ រហូតដល់ថ្ងៃទី២១ សីហាទើបចប់ ដោយមាន ២៨ប្រភេទកីឡា មានអត្តពលិកជាង ១០៥០០នាក់ មកពីជាង ២០០ប្រទេសចូលរួមប្រកួតដណ្តើមយកមេដាយក្នុងរយៈពេល ១៦ថ្ងៃនេះ ក្នុងនោះកម្ពុជា ក៏មានអត្តពលិក ៦រូប ស្មើនឹង ៤ប្រភេទកីឡាចូលរួមផងដែរ៕

Advertising