(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្ត បានប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃទី៤ ខែសីហា នេះថា ក្រោយពីកម្លាំងអាវុធហត្ថខេត្ត ទទួលពាក្យបណ្តឹងពីជនរងគ្រោះ លោកក៏បានបញ្ជាកម្លាំង ទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ដើម្បីការពារសុខ សន្តិសុខ សុវត្ថិភាពរបស់ពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ដែលលោកគ្រប់គ្រង។

លោកមេបញ្ជាការ បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ឡុង ឡេមឡាម ​អាយុ៣២ឆ្នាំ បានប្រើអំពើហឹង្សាលើ ប្រពន្ធខ្លួន ឈ្មោះចេវ សុខឃេន ​អាយុ២៧ឆ្នាំ រស់នៅភូមិកោះឈ្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ មិនតែប៉ុណ្ណោះជនសង្ស័យ បានប្រើហឹង្សាទៅលើ​ កូន និងឪពុកក្មេក យ៉ាងធ្ងន់ធ្ងរផងដែរ ដែលមិនអាចអត់ឱនឲ្យបាន។​

លោកមេបញ្ជាការ បន្ដថា ជនសង្ស័យទី២-ឈ្មោះ លឹម បញ្ញា អាយុ២៩ឆ្នាំ​ បានចូលទៅអុកឡុកក្នុងក្លិបកំសាន្តហ្គោលថោន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ហើយត្រូវបាន​ឃាត់ខ្លួន ដោយយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះឈ្មោះ យោគ សុភា ​អាយុ២៩ឆ្នាំ រស់នៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងឈ្មោះម៉ុន សៅឌី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។

បច្ចុប្បន្នជនសង្ស័យទាំង២​ ​ត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕

Advertising