(បន្ទាយមានជ័យ)៖ លោក ចាប សុផាឬទ្ធិ ស្នងការរងខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះថា កម្លាំងនគរបាលខេត្តជាច្រើននាក់ ចុះបង្ក្រាបករណីគ្រឿងញៀន២ថ្ងៃ ចាប់បានជនសង្ស័យប្រុស ស្រី១១នាក់ និងដកហូតបានវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន អាយ​៥ កញ្ចប់​ ​ដាវ២ដើម ទូរស័ព្ទដៃ៨គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន២ និងឧបករណ៍ប្រើប្រាស់ជាច្រើនទៀត។

លោកស្នងការរងបន្ដថា បានចេញប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើង ក្រោយពីទទួលព័ត៌មាន ពីកម្លាំងសង្ងាត់ភ្លាមៗ ដោយលោកបានដឹកនាំកម្លាំងជំនាញ និងមានការសម្រួបសម្រួលពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តផងដែរ។

លោកបញ្ជាក់ថា ប្រតិបត្តិការណ៍បង្ក្រាបនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី២ ទី៣ ខែសីហា ឆ្នាំ២០១៦ នៅក្នុងភូមិសាស្រ្ត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយជនសង្ស័យ ទី១-ឈ្មោះ សំណាង លីលី ភេទស្រី អាយុ១៥ឆ្នាំ (ជួញដូរ) ទី២-ឈ្មោះ  អៀង រក្សា ហៅសា​ អាយុ២២ឆ្នាំ (ជួញដូរ) ទី៣-ឈ្មោះ ហ៊ូ ដុល្លា​ អាយុ ២៩ឆ្នាំ (ជួញដូរ) ទី៤-ឈ្មោះ ហេង សុមេធា ​អាយុ២១ឆ្នាំ (ជួញដូរ) ទី៥-ឈ្មោះ សុំ តូស៊ី​ អាយុ១៦ឆ្នាំ (ប្រើប្រាស់) ទី៦-ឈ្មោះ តារា សីហា​ អាយុ២៧ឆ្នាំ (ប្រើប្រាស់) ទី៧-ឈ្មោះ គង់ ដារុន​ អាយុ៣៦ឆ្នាំ (ប្រើប្រាស់)​ ទី៨-ឈ្មោះ អ៊ឹម ចយ ​អាយុ១៦ឆ្នាំ (ប្រើប្រាស់) ទី៩-ឈ្មោះ ញ៉ឹប សៀវយ៉ុង​ អាយុ២០ឆ្នាំ (ប្រើប្រាស់) ទី១០-ឈ្មោះ ហ៊ីប ម៉េងហួរ​ អាយុ២២ឆ្នាំ (ប្រើប្រាស់) និងទី១១-ឈ្មោះ ថេង គឹមអេង ភេទស្រី អាយុ ១៧ឆ្នាំ (ប្រើប្រាស់)។

បច្ចុប្បន្ន​ជនសង្ស័យទាំង១១នាក់នេះ ត្រូវបានសមត្ថកិច្ច​ជំនាញកសាងសំណុំរឿង ​បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

Advertising