(ភ្នំពេញ)៖​ ស្រ្តីជនជាតិចិនម្នាក់ត្រូវបានជនជាតិចិនដូចគ្នា រៀបចំផែនការចាប់ជំរិតទារប្រាក់ ចំនួន១០មឺុនយ័ន ប៉ុន្តែមិនបានសម្រចនោះទេ ពោលយកលុយបានតែត្រឹម៤ម៉ឺនយ័នប៉ុណ្ណោះ។ ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះសំណាក់យីហោនគរឡាក់គី​ បន្ទប់លេខ៣០៥​ ជាន់ទី៣​ ដែលមានទីតាំងលេខ៨​ មុខបេនឡាបាត់ដំបង​ ខាងលិចផ្សារធំថ្មី​ ផ្លូវលេខ១២០​ ភូមិ២​ សង្កាត់ផ្សារទី២​ ខណ្ឌដូនពេញ​។

ក្រោយទទួលបានព័ត៌មាន នៃការចាប់ជំរិតនេះកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ ដឹកនាំដោយលោកជឿ​ សមភណ្ឌ​ នាយផ្នែក​ ដោយមានការអនុញ្ញាតិពី លោក ងិន​ ពេជ​ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី២ បាន​ចុះត្រួតពិនិត្យករណីនេះ ហើយបាននាំខ្លួនស្រ្តីរងគ្រោះទៅកាន់នាយកដ្ឋាន ដើម្បីបន្តសួរនាំតាមចាប់ជនល្មើស។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះដែលប្ដឹងថា គេចាប់ជំរិតនោះឈ្មោះ YEI AZHI ​ អាយុ៤២​ ជនជាតិចិន​ ស្នាក់នៅផ្ទះជួលម្ដុំសាលាចិនទួនហ្វា​ សង្កាត់ទួលស្វាយព្រៃទី២​ ខណ្ឌចំការមន​ មុខរបរលក់ខោអាវកូនក្មេង​នៅផ្សារអូឡាំពិត​ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា​ នៅវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី៤​ ខែសីហា​ ឆ្នាំ២០១៦នេះ ស្រ្តីរងគ្រោះបានប្រាប់ប្តីគាត់ថា​ ចេញទៅជួបមិត្តភ័ក្រដើម្បីនិយាយការងាររកសីុ​ ស្រាប់តែបាត់ប្រពន្ធខ្លួនរហូតដល់ល្ងាច​ ទើបបានទទួលព័ត៍មានថាប្រពន្ធរបស់គាត់ត្រូវបានគេចាប់ជំរិត​ រួចគាត់ក៏បានទៅប្តឹងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ បង្កើតគណៈកម្មការចំរុះ ចុះទៅត្រួតពិនិត្យទីតាំង ផ្ទះសំណាក់ខាងលើ​ ភ្លាមនោះរកឃើញវត្ថុតាំង​ ខ្សែរជ័រចំនួន៤សរសៃ និងកាំបិតកៃមួយ​។

សមត្ថកិច្ចបានបន្តទៀតថា ក្នុងសកម្មភាពចាប់ជំរិតនេះ​ ជនល្មើសបានជំរិតទារប្រាក់ពីជនរងគ្រោះចំនួន១០មឺុនយ័ន​ ដោយជនរងគ្រោះរៀបចំវេរលុយពីប្រទេសចិន​ ឲ្យជនល្មើសបានចំនួន៤មឺុនយ័ន​ ទើបជនល្មើសព្រមដោះលែងជនរងគ្រោះវិញ​។

បច្ចុប្បន្នសមត្ថកិច្ច បាននាំស្រ្តីរងគ្រោះទៅសាកសួរ ដើម្បីស្វែងរកជនសង្ស័យ​ ដើម្បើតាមចាប់ខ្លួនផងដែរ​៕

Advertising