(ហាណូយ)៖ ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក ដែលបណ្តាលមកពីឥទ្ធិពលព្យុះទីហ្វុង Nida បោកសង្គ្រប់ទៅលើភាគខាងជើងប្រទេសវៀតណាមនោះ បានបណ្តាលឲ្យមនុស្ស ០៣នាក់ស្លាប់ និង ០៧នាក់ទៀត បាត់ខ្លួន ខណៈកងកម្លាំងសង្គ្រោះកំពុងបេសកកម្មស្វែងរកជាបន្តទៀត។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០១៦។

តំបន់ដែលទទួលរងគ្រោះខ្លាំងជាងគេនោះ គឺបណ្តាស្រុកមួយចំនួនក្នុងខេត្ត Lao Cai ចម្ងាយ ២៥០គីឡូម៉ែត្រនៃ ភាគពាយ័ព្យរដ្ឋធានីហាណូយ ដោយក្នុងនោះមនុស្ស ០៣នាក់បានស្លាប់ និង ០៦នាក់បាត់ខ្លួន។ សម្រាប់មនុស្សម្នាក់ ទៀតដែលបានបាត់ខ្លួនដែរនោះ គឺស្ថិតនៅក្នុងខេត្ត Sa Pa ភាគខាងជើងប្រទេសដូចគ្នា។

គួរបញ្ជាក់ថារហូតមកដល់ពេលនេះ ភូមិនិងស្រុកចំនួនជាង ១១០ នៅតំបន់ភាគខាងជើងប្រទេសវៀតណាម ត្រូវបានទឹកជំនន់ជន់លិច ខណៈប្រជាជនជាច្រើនពាន់នាក់ត្រូវបានជម្លៀសទៅកន្លែងដែលមានសុវត្ថិភាព។ សរុបចាប់តាំងពីការវាយប្រហារដំបូងនៃព្យុះ Nida កាលពីថ្ងៃអង្គារ សប្តាហ៍នេះគឺមនុស្ស ០៥នាក់ហើយបានស្លាប់ នៅក្នុងខេត្ត Lao Cai តែមួយប៉ុណ្ណោះ៕

Advertising