(ភ្នំពេញ)៖ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះជួបសំណេះសំណាល​​ និងអប់រំផ្សព្វផ្សាយពី ផ​លវិបាកនៃ​គ្រឿងញៀន ដល់សិស្សានុសិស្សនៃសាលាសុវណ្ណភូមិ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិ​តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ក្នុងនោះដែរ លោក យឹម សារ៉ាន់ អធិការខណ្ឌ បាន​ថ្លែងប្រាប់​ប្រាប់ប្អូនៗ ក្មួយៗថា គ្រឿងញៀនមិនមែនជាឱសថ សម្រាប់ជួយបំបាត់ទុក្ខព្រួយ ឬជួយឲ្យរៀនពូកែជួយលើកកម្លាំង ឬជួយធ្វើឲ្យមានសម្រស់ស្រស់ស្អាតនោះទេ ផ្ទុយទៅវិញការប្រើប្រាស់គ្រឿងញៀន នាំឲ្យខូចសុខភាពបង្កបញ្ហាដល់ក្រុមគ្រួសារ សង្គម ខុសច្បាប់ ខូចអនាគត និងអាចស្លាប់។

ឆ្លៀតក្នុងពេលនោះដែរ លោកយិន យឿន អនុប្រធានការិយាល័យប្រឆាំងគ្រឿងយៀន ​មានលើកឡើងថា គ្រឿងញៀន ​គឺអំបូរនៃជា​រុក្ខជាតិ ឬ​សារធាតុ​ចម្រាញ់​ចេញពី​រុក្ខជាតិ ឬ​សារ​ធាតុគីមី ​ដែល​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​នូវ​មុខងារ​ផ្សេងៗ​ របស់​សារពាង្គកាយ​មនុស្ស ឬ​សត្វ ហើយ​ជាពិសេស​វា​ធ្វើឱ្យមាន​ការប្រែប្រួល​ប្រព័ន្ធ​សរសៃប្រសាទ និង​ខួរក្បាល​នៅពេល​ប្រើ​វា​។

លោកបន្ថែមថា គ្រឿងញៀន​មាន​ពីរ​ប្រភេទ​គឺ ទី១-គ្រឿងញៀន​ធម្មជាតិ​ អាភៀន (​ផ្កា ផ្លែ​អាភៀន ជ័រ​អាភៀន​ខ្មៅ និង​ហេ​រ៉ូ​អ៊ី​នគ្រាប់​) កញ្ឆា (​ដើម ស្លឹក ជ័រ​កញ្ឆា និង​ប្រេង​កញ្ឆា​) រុក្ខជាតិ​កូ​កា និង​ថ្នាំជក់​ ចំណែកទី២-គ្រឿងញៀន​សំយោគ​ កូកាអ៊ីន​បាស (​បានមកពី​ការបន្ថែម​សារធាតុ​គីមី​) អំ​ហ្វេ​តា​មីន និង​ពពួក​មេ​តំ​ហ្វេ​តា​មីន អ៊ិ​ច​ស្តា​ស៊ី កាវ បារី មាន​ផ្ទុក​សារធាតុ​គីមី​ជាង ៤០០០​ប្រភេទ ហើយ​ធ្វើឱ្យ​អ្នក​ជក់​ញៀន​ខ្លាំង​ដោយ​ជាតិ​នីកូទីន​ និង​គ្រឿង​ស្រវឹង (​ទឹកត្នោតជូរ ស្រា ស្រា​បៀរ​)​។ លោកបញ្ជាក់ជាចុងក្រោយថា ប្រភេទ​នៃ​គ្រឿងញៀន​ទាំងអស់នេះ​សុទ្ធតែ​ធ្វើឱ្យ​មានការ ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​ ជាខ្លាំង​នៅពេលដែល​ពួកគេ​បាន​ប្រើប្រាស់​វា៕

Advertising