(រតនគិរី)៖ កម្លាំងរដ្ឋបាលព្រៃឈើសហការណ៍ ជាមួយកម្លាំងអាវុធហត្ថខេត្តរតនគិរី និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស​ នៅព្រឹកទាបភ្លឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ បានស្ទាក់ចាប់រថយន្តឡង់គ្រីស័រមួយគ្រឿង ដឹកឈើប្រណិតពេញ ពេលកំពុងបើកលោតឆ័ត្រចូលក្រុងបានលុង ត្រង់ចំណុចភ្នំកូនសេកស្ថិតក្នុងភូមិតាអងកាតែឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ដែលរថយន្តដឹកឈើមួយគ្រឿងនេះ ត្រូវបានមន្រ្តីជំនាញអះអាងថា ជារបស់លោក សេង វាសនា នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ពាក់ស័ក្តិ៤។

លោក គឹម ឆេងលីម មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់កូនមុំ ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីកម្លាំងសម្ងាត់ មានរថយន្តលួចដឹកឈើ ឆ្លងកាត់ភូមិសាស្ត្រខ្លួននោះ លោកបានសុំយោបល់លោក កែប កត់នាយខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងអាវុធហត្ថ ធ្វើការបង្ក្រាបតែម្តង។

បច្ចុប្បន្នវត្ថុតាងរថយន្តដឹកឈើប្រណិតពេញនេះ ត្រូវនាំយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ដើម្បីឲ្យម្ចាស់ចូលខ្លួនបង់ពិន័យ តាមច្បាប់ស្តីពីព្រៃឈើ។

ទាក់ទិនទៅ និងមន្ត្រីនគរប្រឆាំងបទល្មើសសេដ្ឋកិច្ច លួចដឹកឈើប្រណិតខាងលើនេះដែរ លោកវរសេនីយ៍ឯក នូវ ដារ៉ា ដែលជាប្រធានអង្គភាពនោះ បានប្រាប់អង្គភាព Fresh News ថា បុគ្គល សេង វាសនានេះកន្លងមកអង្គភាពបានហៅមកណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកជញ្ជូនឈើជាច្រើនដងមកហើយ តែគាត់នៅតែមិនព្រមបញ្ឈប់ទៀត៕