(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិថ្មីរបស់ជប៉ុន បានបង្ហាញសញ្ញាប្រើប្រាស់កម្លាំង ដើម្បីទប់ទល់នឹងការបង្កហេតុដោយ ប្រទេសចិន និងកូរ៉េខាងត្បូង ទៅលើជម្លោះអធិបតេយ្យ ខណៈដែលលោកស្រី បានទៅត្រួតមើល កងកម្លាំងការពារជាតិ ភ្លាមៗនៅថ្ងៃឡើងកាន់តំណែងទីមួយតែម្តង។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយ Channel News Asia នាព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០១៦។

នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានតែងតាំងលោកស្រី Tomomi Inada ដែលត្រូវបានគេស្គាល់ថាជាអ្នក ប្រកបដោយទស្សនជាតិនិយមផ្តាច់មុខនៅប្រទេសជប៉ុន ឲ្យឡើងធ្វើជារដ្ឋមន្ត្រីការពារជាតិថ្មី កាលពីថ្ងៃពុធ ដែលវាបាន កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីកូរ៉េខាងជើង ធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីល និងបានធ្លាក់មកលើដែនទឹក របស់ប្រទេសជប៉ុនជាលើកដំបូងផងដែរ។

លោកស្រី Indada បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននានាដូច្នេះថា «ប្រទេសកូរ៉េខាងជើង នៅតែបន្តការបង្កហេតុ ដោយយោធាមួយលើកជាពីរលើក ដូចជាការធ្វើតេស្តនុយក្លេអ៊ែរ និង ការបាញ់គ្រាប់មីស៊ីលផ្លោងជាច្រើនកន្លងមក»។ ប្រទេសជប៉ុននៅអំឡុងដើមសប្តាហ៍នេះ ក៏បានធ្វើការរិះគន់ចិនផងដែរ អំពីសកម្មភាពយោធានៅក្នុងដែនសមុទ្រមាន ជម្លោះ ដែលជប៉ុនចោទទង្វើចិន នោះថាកំពុងដុតរោលជម្លោះឲ្យកាន់តែរីកធំឡើងថែមទៀត។

ជុំវិញបញ្ហាចិននេះដែរលោកស្រី Inada បានសង្កត់ធ្ងន់ថា «ប្រទេសចិនមួយរយៈពេលចុងក្រោយនេះ បានបង្កើនសកម្មភាពយ៉ាង ខ្លាំងនៅតាមដែនសមុទ្រ និង ដែនអាកាស ជុំវិញប្រទេសជប៉ុន។ វាកំពុងបង្ហាញថាចិន បានព្យាយាមផ្លាស់ប្តូរ ស្ថានការណ៍តាមរយៈការប្រើប្រាស់កម្លាំងបាយ»

គួរបញ្ជាក់ថាលោកស្រី Inada វ័យ ៥៧ឆ្នាំ កន្លងមកធ្លាប់មានបំណងចង់ផ្លាស់ប្តូរដ្ឋធម្មនុញ្ញជប៉ុន ដែលបង្កើតឡើង ដោយ អាមេរិក និងធ្វើការទាមទារសិទ្ធិក្នុងការធ្វើសង្គ្រាមឡើងវិញ។ កាលពីឆ្នាំ ២០១១ លោកស្រីបានអះអាងថា ជប៉ុន ជាប្រទេសតែមួយគត់លើលោក ដែលធ្លាប់ទទួលរងគ្រោះដោយអាវុធបរមាណូនោះ គួរតែពិចារណាក្នុងការបង្កើត អាវុធនុយក្លេអ៊ែរដោយខ្លួនឯងហើយ៕

Advertising