(ភ្នំពេញ)៖ លោក គី តិច មេធាវីការពារក្តីឱ្យ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានប្រាប់ Fresh News ឱ្យដឹងថា នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ លោកសម្រេចដាក់ពាក្យប្តឹងទៅ​សាលាឧទ្ធរណ៍មួយទៀត ដើម្បីជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសកំបាំងមុខ ឱ្យលោក សម រង្ស៉ី សងជំងឺចិត្តសម្តេច ហេង សំរិន ត្រឹម១៥០លានរៀល។

លោក គី តិច បានឱ្យដឹងថា «ត្រង់សម្រេចឱ្យ លោក សម រង្ស៉ី សងជំងឺចិត្តសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ត្រឹម១៥០លានរៀល ព្រោះការសម្រេចនេះ មិនទាន់ផ្តល់យុត្តិធម៌ពេញលេញ ជូនសម្តេច នៅឡើយទេ»

លោកបានបន្ថែមថា សម្តេច ហេង សំរិន ជាប្រធានរដ្ឋសភា និងធ្លាប់កាន់តំណែងកំពូលៗ របស់ជាតិ ដូច្នេះការដែល លោកសម រង្ស៉ី បានធ្វើមកលើ សម្តេចប្រធានរដ្ឋសភា នាពេលនេះ គឺធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ​ ដល់កិត្តិយសរបស់សម្តេច។

ទោះជាយ៉ាងណា សម្រាប់ករណីបរិហារកេរ្តិ៍ សម្តេច ហេង សំរិននេះ លោកមេធាវី គី តិច កន្លងមក បានអះអាងថា ដើមបណ្តឹងបានប្តឹងឱ្យតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន ៣០០លានរៀល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ បានសម្រេចផ្តន្ទាទោសពិន័យជាប្រាក់លើ លោក សម រង្ស៉ី ចំនួន១០លានរៀល ចូលថវិការដ្ឋ និង សងសំណង ជំងឺចិត្តដល់ សម្តេច ហេង សំរិន ចំនួន១៥០លានរៀល ពីបទបរិហារកេរ្តិ៍ ជា សាធារណៈ តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ។

ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះនៅលើទំព័រ Facebook ដោយចោទសម្តេច ហេង សំរិន ថាជាអ្នកកាត់ទោស សម្តេចសីហនុ ក្បត់ជាតិ កាលពីជំនាន់សម្តេច ហេង សំរិន ជាប្រធានរដ្ឋ។

បន្ទាប់ពី បានបើកសវនាការជំនុំជម្រះលើសំណុំរឿង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងករណីបរិហារ កេរ្តិ៍លើសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ដោយលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះបានសម្រេចផ្តន្ទាទោសពិន័យជាប្រាក់លើ លោក សម រង្ស៊ី ចំនួន១០លានរៀល ចូលថវិការដ្ឋ និងសងសំណងជំងឺចិត្តដល់សម្តេច ហេង សំរិន ចំនួន១៥០លានរៀលពី បទបរិហារកេរ្តិ៍ជាសាធារណៈតាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។

សំណុំរឿងនេះ ត្រូវបានប្តឹងដោយ លោក គី តិច មេធាវីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីចុងឆ្នាំ២០១៥ បន្ទាប់ពី លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បង្ហោះនៅលើបណ្តាញសង្គម Facebook របស់លោក ដោយចោទប្រកាន់ សម្តេច ហេង សំរិន ថាជាអ្នកកាត់ទោស សម្តេច សីហនុ កាលដឹកនាំប្រទេស។

សវនាការនេះមិនមានវត្តមាន លោក សម រង្ស៊ី និងមេធាវីនោះទេ មានតែ លោក គី តិច មេធាវី តំណាងសម្តេចពញ្ញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា។

សូមជំរាបថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានបង្ហោះវីដេអូ ដោយបានចោទរបបរដ្ឋកម្ពុជា ដែលដឹកនាំដោយសម្តេច ហេង សំរិន ថាបានដាក់ទោស សម្តេច សីហនុ ជាជនក្បត់ជាតិ។ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកភ្ជាប់ជាមួយវីដេអូមួយកាលនោះថា «យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ»

រហូតដល់ពេលនេះ លោក សម រង្ស៊ី ដែលកំពុងគេចខ្លួនទៅក្រៅប្រទេស កំពុងញាំញីដោយពាក្យបណ្តឹង នៅតុលាការកម្ពុជា ក្នុងនោះមាន ការទាមទារឱ្យអនុវត្តសាលក្រមរឿងចាញ់ក្តី ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, សំណុំរឿងក្លែងឯកសារព្រំដែនបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ និងសំណុំរឿងបរិហារកេរ្តិ៍ លើសម្តេច ហេង សំរិន ជាដើម៕

Advertising