(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌ និងកម្លាំងអាវុធហត្ថប្រឆាំងបទល្មើសគ្រឿងញៀនក្រុង បានបើកប្រតិបត្តិការ បង្ក្រាបក្រុមលក់ និងប្រើប្រាស់គ្រឿងញៀន ចំនួន៨នាក់ ដោយធ្វើការដកហូតថ្នាំចំនួន៨២កញ្ចប់ ព្រមទាំងវត្ថុតាងជាច្រើនផ្សេងទៀត។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ លោក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌ ស្ថិតនៅចំណុច ភូមិ០១​ ក្រុម០៨​ ផ្លូវរទះភ្លើង សង្កាត់ស្រះចក​ ខណ្ឌដូនពេញ។

សម្រាប់ជនសង្ស័យទាំង៨នាក់ មានស្រី៣នាក់ រួមទាំងថ្នាំញៀនទាំង៨២កញ្ចប់ ម៉ូតូ២គ្រឿងផងនោះ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ នៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕