(វៀងច័ន្ទ)៖ ប្រទេសចិន និងឡាវ បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាលក្ខណៈផលប្រយោជន៍រវាងគ្នាទៅវិញ ទៅមកលើគ្រប់វិស័យ ខណៈដែលឆ្នាំនេះ គឺជាខួបទី ៥៥ឆ្នាំហើយ ដែលប្រទេសជិតខាងទាំងពីរបានបង្កើតចំណង ការទូតផ្លូវការជាមួយនឹងគ្នា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០១៦។

ការប្តេជ្ញាខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith ជាមួយនឹង រដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោក Gao Hucheng ក្នុងដំណើរបំពេញទស្សនកិច្ចមកកាន់ប្រទេសអាស៊ានមួយនេះ កាលពីថ្ងៃព្រហស្បតិ៍។ កិច្ចពិភាក្សានេះដែរ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីចុងខែកក្កដា ដែលមានការពិភាក្សាយ៉ាងក្តៅគគុកផងដែរលើបញ្ហាសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីឡាវ និងរដ្ឋមន្ត្រីពាណិជ្ជកម្មចិន បានធ្វើការពិភាក្សាគ្នាកម្រិតខ្ពស់លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបានប្តេជ្ញាថាប្រទេសឡាវ និង ចិន នឹងអនុវត្តន៍ឲ្យបានពេញទំហឹងចំពោះ កិច្ចព្រមព្រៀង ដែលប្រមុខដឹកនាំប្រទេសទាំងពីរបានសម្រេចកន្លងមក នៅក្នុងកិច្ចប្រជុំ ASEM ក្នុងប្រទេសម៉ុងហ្គោលី កាលពីខែកក្កដា។ ប្រទេសចិនក៏ជាប្រទេសដែលធ្វើការវិនិយោគធំជាងគេនៅឡាវ និងមានទាំងការផ្តល់ជំនួសអភិវឌ្ឍ ដ៏ច្រើនលើសលប់កន្លងមកផងដែរ៕

Advertising