(អេហ្ស៊ីប)៖ យោធាអេហ្ស៊ីប បានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា ខ្លួនបានសម្លាប់មេដឹកនាំ​ជាន់ខ្ពស់មួយរូបរបស់​​ក្រុម​ឧទ្ទាម ISIS នៅទីក្រុង Sinai ដែលជា​មូលដ្ឋានធំមួយរបស់ក្រុមឧទ្ទាមនេះផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែសីហា។

មេដឹកនាំរបស់ក្រុម ISIS ដែលត្រូវបានសម្លាប់នោះ មានឈ្មោះ Abu Duaa al-Ansari ត្រូវបាន​សម្លាប់​ តាមរយៈការវាយប្រហារទ័ពអាកាសនៅក្បែរតំបន់ Arish ជាទីក្រុងធំជាងគេមួយនៅតំបន់ Sinai ប្រទេស​អេហ្ស៊ីប ​ដោយក្នុងនោះក៏មានសកម្មប្រយុទ្ធរបស់ក្រុម ISIS ចំនួន ៤៥នាក់ផងដែរ ដែលត្រូវបានសម្លាប់។

គួរបញ្ជាក់ផងដែរថា នៅក្នុងតំបន់ Sinai មានកន្លែងជាច្រើនត្រូវបានក្រុមឧទ្ទាម ISIS ទន្ទ្រាន​យកកាន់កាប់តាំងពី​ពាក់​កណ្ដាលឆ្នាំ២០១៣ ហើយមកដល់ពេលនេះ ទាហានរបស់រដ្ឋាភិបាលអេហ្ស៊ីប រួមនឹង​សម្ព័ន្ធមិត្តបានវាយដណ្ដើមមក​វិញ​បានមួយចំនួន​ផងដែរ៕