(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ថា ខ្លួនបានបញ្ចប់ការងារដោយជោគជ័យ ក្នុងការចុះពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅ២៥ រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា។

ACU បានបញ្ជាក់ទៀតថា ការចុះពិនិត្យនោះ ភាគីពាក់ព័ន្ធទាំងអស់បានពិភាក្សាផ្តោតទៅលើ បទពិសោធន៍កាលពីឆ្នាំកន្លងទៅ ដែលគ្រប់ភាគីពាក់ព័ន្ធបានបំពេញការងារយ៉ាងល្អ ស្រុះគ្នា រីឯបេក្ខជនមានការគោរពវិន័យបានល្អ ការនាំយកសំណៅឯកសារ និងឧបករណ៍ សម្ភារហាមឃាត់គ្រប់ប្រភេទតាមខ្លួន មានតិចតួចបំផុត។

ACU បានឲ្យដឹងទៀតថា អង្គប្រជុំក៏បានកត់សម្គាល់ពីបញ្ហាប្រឈម និងចំណុចខ្វះខាតមួយចំនួន ដូចជាអគារក្នុងមណ្ឌលប្រឡងខ្លួះមានភាពទ្រុឌទ្រោម បញ្ហាអនាម័យ និងការលួចលាក់ធ្វើអាជីវកម្មថតចម្លង ដែលមានទីតាំងនៅជិតមណ្ឌល ដែលត្រូវកែលំអជាបន្ទាន់ តាមរយៈការដាក់ចេញនូវវិធានការសមស្របនានា៕

Advertising