(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចថា ថ្ងៃទី០៥ ខែសីហានេះ ជាថ្ងៃកំណើតរបស់សម្តេច, ដោយមានអាយុ៦៤ឆ្នាំ ឈានចូល៦៥ឆ្នាំហើយ ដោយក្នុងនោះសម្តេចបន្ថែមថា រយៈពេល៦៤ឆ្នាំកន្លងមកនេះ សម្តេចតេជោ បានប្រើប្រាស់ពេលវេលាជាង៤៦ឆ្នាំ ចូលរួមការតស៊ូ ដើម្បីបុព្វហេតុជាតិមាតុភូម និងប្រជាជនកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្នុងជីវិតរបស់សម្តេចបានធ្វើការតស៊ូ និងឆ្លងកាត់ទៅដោយទុក្ខសោកយ៉ាងច្រើន រហូតដល់ធ្លាក់ខ្លួនពិការ តែសម្តេចមានមោទនភាពនូវកិច្ចការដែលសម្តេច បានបំពេញនាំយកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ជូនដល់ប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃអង្គារ៍ ១៥កើត ខែស្រាព ឆ្នាំរោងចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ថ្ងៃនេះខ្ញុំមានអាយុ៦៤ ឆ្នាំឈានចូល៦៥ឆ្នាំហើយ។ ក្នុងរយះ៦៤ឆ្នាំកន្លងមកនេះខ្ញុំ បានប្រើប្រាស់ពេលវេលាជាង៤៦ឆ្នាំចូលរួមការតស៊ូ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជាជាទីគោរពស្រឡាញ់របស់ខ្ញុំ។ ជិវិតពោរពេញដោយទុក្ខសោក រហូតធ្លាក់ខ្លួនពិការតែខ្ញុំពិតជាមានមោទនភាព នូវកិច្ចការដែលខ្ញុំបានបំពេញ សំរាប់ប្រជាជនកម្ពុជារបស់យើង។ សូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលផ្ដល់នូវការគាំទ្ររៀងរហូតមក»

Advertising