(ភ្នំពេញ)៖លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទ១ កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ បាននាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានថវិកា៥លានរៀល ផ្លែឈើ និងគ្រឿងឧបភោគ-បរិភោគមួយចំនួនមកជូន លោកតា ផ្លុង មឿក អាយុ៨៣ឆ្នាំ ជាតារាកំប្លែងជើងចាស់ មានជំងឺជរាដើរពុំរួច កំពុងសម្រាកព្យាបាល នៅលំនៅដ្ឋានស្ថិតនៅ សហគមន៍ ប៊ុលឌីញ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នាឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលយកចិត្តទុកដាក់ ចំពោះចាស់ៗសិល្បករ ដែលបានបន្សល់ទុកនូវស្នាដៃសិល្បៈ ទុកសម្រាប់កូនចៅជំនាន់ក្រោយ និងសូមជូនពរដល់លោកតា ឆាប់បានជាសះស្បើយពីជំងឺ។

ជាកិច្ចឆ្លើយតបលោកតា ផ្លុង មឿក និងភរិយា ព្រមទាំងកូនស្រីពៅ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងបានឧបត្ថម្ភដល់គ្រួសារ លោកតាជាច្រើនលើកផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជូនគ្រួសារលោកតា។ ដោយឡែក សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ធ្លាប់បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ជូនគ្រួសារលោកតាផងដែរ៕