(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមន្រ្តីយោធា ប្រមាណ៧ពាន់នាក់ ក្នុងចំណោមកងទ័ពកម្ពុជាទូទាំងប្រទេស ត្រូវបានរកឃើញថា នៅមិនទាន់មានអត្តសញ្ញាណបណ្ណ នៅឡើយទេ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០១៦នេះ ប៉ុន្តែទោះជាយ៉ាងណាក្រសួងការពារជាតិ បានដាក់កំហិតថា នឹងជំរុញឱ្យពួកគេធ្វើអត្តសញ្ញាណបណ្ណឱ្យបានរួចរាល់ នៅមុនថ្ងៃកំណត់ចុះបញ្ជីឈ្មោះបោះឆ្នោត នាខែកញ្ញា ខាងមុខ។ នេះបើតាម លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។

ការជំរុញឱ្យមន្រ្តីយោធា ប្រមាណ៧ពាន់នាក់ ក្នុងចំណោមកងទ័ពកម្ពុជាទូទាំងប្រទេស ធ្វើអត្តសញ្ញាណបណ្ណនេះ បានធ្វើឡើងនៅក្នុងពិធីបូកសរុបលទ្ធផលការងារកងទ័ពសម្រាប់ខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ដែលបានធ្វើឡើងនៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ។

លោក ឈុំ សុជាតិ បានអះអាងថា ចំនួនកងទ័ពមិនទាន់មានអត្តសញ្ញាណបណ្ណ៧ពាន់នាក់នោះ គឺជាចំនួនតិចតួចនៅឡើយបើធៀបនឹងចំនួនកងទ័ពសរុប នៅក្នុងប្រទេសកម្ពុជា។ លោកថា ក្រសួងនឹងខិតខំបន្ថែមទៀត ដើម្បីឱ្យកងទ័ពទាំងអស់អាចចុះឈ្មោះ និង បោះឆ្នោតបានគ្រប់ៗគ្នា៕