(ញូដេលី)៖ សាកសពមនុស្ស ០៣នាក់ត្រូវបានក្រុមសង្គ្រោះឥណ្ឌារកឃើញ ខណៈ២០នាក់ទៀតត្រូវបានគេជឿជាក់ ថាកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីស្ពានសម័យអាណានិគមអង់គ្លេស នៅភាគខាងត្បូងប្រទេសឥណ្ឌា បានបាក់ និងនាំយករថយន្តតូចធំជាច្រើនគ្រឿងចូលទៅក្នុងទឹកផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០១៦។

មន្ត្រីសង្គ្រោះម្នាក់បាននិយាយថា «យើងទើបបានស្រង់យកសាកសពបុរស ០៣នាក់ ហើយការស្វែងរកក្នុងទន្លេ កំពុងតែបន្តយ៉ាងពេញទំហឹង។ សាកសពតៃកុងឡានក្រុងរដ្ឋ ត្រូវបានរកឃើញនៅទីតាំងចម្ងាយ ១២០ គីឡូម៉ែត្រ ពីកន្លែងដែលស្ពានបាក់ឯណោះ»។ បច្ចុប្បន្ន ក្រុមរុករកកំពុងតែបំពេញប្រតិបត្តិការនៅតាមខ្សែទឹកហូរ ដែលមាន ចម្ងាយរហូតដល់ទៅ ១៥០ គីឡូម៉ែត្រឯណោះពីកន្លែងដែលស្ពានស្ថិតនៅក្នុងរដ្ឋ Maharashtra នោះបានបាក់កាលពីថ្ងៃពុធ ដោយសារតែទឹកហូរខ្លាំង បង្កឡើងដោយជំនន់ទឹកភ្លៀង។

គួរបញ្ជាក់ថា ស្ពានដែលបានបាក់នោះមានអាយុកាលចំណាស់ទៅហើយ ស្ថិតនៅចម្ងាយ ៦៣គីឡូម៉ែត្រពីភាគ ខាងត្បូងទីក្រុងបុមបៃ។ បច្ចុប្បន្នកងកម្លាំងសង្គ្រោះមានមកពី កងទ័ពអាកាស និង កងកម្លាំងសង្គ្រោះតាមផ្លូវទឹកចំនួន ១២០នាក់ បាននិងកំពុងបំពេញប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន និង យានជំនិះរបស់ពួកគេ៕