(ភ្នំពេញ)៖ លោក ហូ វ៉ាន់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានអះអាងថា រហូតដល់ពេលនេះ គណបក្សសង្រ្គោះជាតិ នៅតែបន្តទទូចចរចា រកដំណោះស្រាយនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យស្ថានការណ៍ប្រសើរជាងសព្វថ្ងៃ។ លោកថា បើមិនមានការចរចាគ្នានោះទេ គណបក្សប្រឆាំងនឹងនៅតែបន្តការតស៊ូមតិរបស់ខ្លួន។

ការអះអាងរបស់ លោក ហូ វ៉ាន់ បែបនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ ស្របពេលដែល លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅបន្តចោទប្រកាន់រាជរដ្ឋាភិបាល ចំពោះឃាតកម្មបាញ់សម្លាប់បណ្ឌិត កែម ឡី។ លោក សម រង្ស៊ី បានសរសេរលើបណ្តាញសង្គមរបស់លោក នៅថ្ងៃទី២ខែសីហាថា លោកជឿថារដ្ឋាភិបាលជាអ្នកនៅពីក្រោយឃាតក ដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ លោកថាឃាតកម្មបាញ់សម្លាប់លោក កែម ឡី នេះដូចគ្នាទៅនឹងករណីការគប់គ្រាប់បែក សម្លាប់មនុស្សយ៉ាងតិច១៦នាក់ នៅមុខមន្ទីររដ្ឋសភាអំឡុងឆ្នាំ១៩៩៧ ឃាតកម្មលើលោក ជា វិជ្ជា ក្នុងឆ្នាំ២០០៤ និងឃាតកម្មលើលោក ឈុត វុទ្ធី ក្នុងឆ្នាំ២០១២អញ្ចឹងដែរ។ លោកថាទាំងអស់នេះគឺជាអំពើភេរវកម្មរៀបចំដោយរដ្ឋអំណាច។

នៅក្នុងសន្និសីទកាសែតនោះ លោក ហូ វ៉ាន់ បានថ្លែងថា «សូមជំរាបថា យើងចង់បានស្ថានភាពចរចា ឬឱ្យមានស្ថានភាពទូទៅឱ្យស្ងប់ស្ថាត់ដើម្បីឱ្យ មានបរិយាកាសមួយល្អ ដើម្បីឆ្ពោះទៅរកការបោះឆ្នោត»។ លោកបានបន្ថែមថា «បើសភាពការណ៍នៅទ្រឹងដូចសព្វថ្ងៃ គណបក្សសង្រ្គោះជាតិនៅតែរក្សាការតស៊ូ ទាំងជាតិ និងអន្តរជាតិដដែល។ ការដែលយើងទាំងអស់គ្នា មកតស៊ូមតិគឺរក្សាការជំហរដដែល។ ទោះជាយ៉ាងណាយើងសង្ឃឹមថា គណបក្សធំៗទាំងពីរ នឹងរកដំណោះស្រាយបាន»

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានប្រាប់ Fresh News ប៉ុន្មានថ្ងៃមុននេះឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ពុំបានបិទផ្លូវចរចាជាមួយ គណបក្សសង្រ្គោះជាតិឡើយ ប៉ុន្តែគណបក្សកាន់អំណាច គ្រាន់តែមិនចង់ចរចាលើរឿងតុលាការ ដែលនាំឱ្យមានសម្ពាធដល់ ការអនុវត្តនីតិវិធីរបស់តុលាការប៉ុណ្ណោះ។ លោកថា ការចរចានឹងអាចធ្វើទៅបាន លុះត្រាតែតុលាការបញ្ចប់នីតិវិធីលើ បុគ្គលមួយចំនួន ដែលគណបក្សសង្រ្គោះជាតិចង់លើកមកធ្វើរបៀបវារៈចរចានោះ។

កាលពីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលព្រឹកនៅក្នុងស្តាម៉ាតបូកគោ ស្ថិតនៅក្នុងខណ្ឌចំការមននោះ លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ បានចេញមុខមុនគេបង្អស់ ដោយចោទរដ្ឋអំណាចថា ជាអ្នករៀបចំឃាតកម្មលើ លោកបណ្ឌិត កែម ឡី ខណៈដែលសមត្ថកិច្ច កំពុងស៊ើបអង្កេតនៅឡើយ។

ក្រោយពីមានការចោទប្រកាន់បែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ជាការលាបពណ៌ដ៏ធ្ងន់ធ្ងរបំផុត ហើយហៅការចោទប្រកាន់នេះធ្វើឡើង ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីតែកេងចំណេញនយោបាយ។ មេធាវីសម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ពាក្យប្តឹង លោក សម រង្ស៊ី និង លោកស្រី ថាក់ ឡានី ទៅតុលាការផងដែរ៕