(កំពង់ចាម)៖ រថយន្តយីឌុប ដឹកឈើប្រភេទជន្លង់ម្រេច ពេញណែនមួយគ្រឿងត្រូវបានកំលាំង រដ្ឋបាលព្រៃឈើសង្កាត់ កងមាសឃាត់យកចូលទីស្នាក់ការ ដោយសង្ស័យថាមានបង្កប់ឈើប្រណីត នៅពីក្រោម តែរហូតមកដល់ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៦ នេះ គេនៅមិនទាន់ឃើញសមត្ថកិច្ច មេព្រៃរើធ្វើការត្រួតពិនិត្យ នៅឡើយនោះទេ ដោយគេឃើញម្ចាស់កំពុង រត់ការខ្វែងដៃខ្វែងជើងផងដែរ។

តាមប្រភពព័ត៏មានបានបង្ហើប អោយដឹងថាចំណាត់ការមេព្រៃសង្កាត់កងមាស ឃាត់រថយន្តយីឌុបដឹកជន្លង់ម្រេច ដោយសង្ស័យមានបង្កប់ឈើប្រណីត ពីក្រោមនេះបានប្រព្រឹត្តទៅ តាំងពីថ្ងៃទី៣ ខែ សីហា ឆ្នាំ ២០១៦ មកម្ល៉េះ។ ប៉ុន្តែរហូតដល់ព្រឹក ថ្ងៃទី៤ ខែ សីហានេះ គេនៅមិនទាន់ឃើញមន្ត្រីមេព្រៃរើ ធ្វើការត្រួតពិនិត្យនៅឡើយទេ ខណៈដែលគេឃើញម្ចាស់រថយន្ត ដឹកឈើខាងលើកំពុងរត់ការ រកការអន្តរាគមន៏ពីអ្នកនេះ អ្នកនោះដើម្បីសំរួលតែគេមិនទាន់ដឹង ពីលទ្ធផលនៅឡើយទេ ប៉ុន្តែទោះជាមេព្រៃមិនទាន់រើត្រួតពិនិត្យ ក៏ដោយតែបើតាមការពិនិត្យ ពីខាងក្រៅរថយន្តគេមើលឃើញថា រថយន្តដឹកជន្លង់ម្រេចនេះ ពិតជាមានបង្កប់ឈើប្រណីត នៅពីក្រោមប្រាកដមែនគ្រាន់តែ មិនទាន់ដឹងតួលេខចំនួន ឈើពិតប្រាកដ។

ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ អង្គភាពព័ត៏មាន FRESH NEWS មិនអាចធ្វើការទាក់ទង ទៅមន្ត្រីមេព្រៃសង្កាត់កងមាស ដើម្បីសាកសួរព័ត៏មាន លំអិតបានឡើយព្រោះមិនមានលេខទូរស័ព្ឌ សំរាប់ធ្វើការទាក់ទង៕