(ព្រះសីហនុ)៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលំហូសមុទ្រ និងមន្ត្រីស្ថាប័នគន្លឹះពាក់ព័ន្ធ នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ ចូលរួមបើកិច្ចប្រជុំទំនាក់ទំនងព័ត៌មានលើផ្ទៃសមុទ្រលើកទី៤ ជាមួយសមភាគីថៃ ដឹកនាំដោយ លោកឧត្តមនាវីឯក រាំងសារិទ្ធ សាតយ៉ានុគុណ មេបញ្ជាការ យោធភូមិទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ រួមជាមួយមន្រ្តីអមដំណើរ ជាច្រើនរូបផ្សេងទៀត ដែលបានប្រព្រឹត្តទៅនៅទីបញ្ជាការជួរមុខ ស្ថិតនៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំភាគីទាំង២បានសម្រេចឯកភាពនូវគោលការណ៍២ចំណុច ទី១-ផ្លាស់ប្តូរព័ត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីទបត់ស្កាត់ និងបង្រ្កាបទំនិញ នាំចេញ នាំចូលខុសច្បាប់ នៅតាមតំបន់ភូមិសាស្រ្តនៃប្រទេសរៀងៗខ្លួន ទី២-ការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំង និងបង្រ្កាប ការជួញដូរគ្រឿងញៀន នៅតាមបំបន់ភូមិសាស្រ្តនៃប្រទេសរៀងៗខ្លួន។

ក្នុងនោះដែរ លោកឧត្តមនាវីឯក រាំងសារិទ្ធ សាតយ៉ានុគុណ បានលើកឡើងថា តាមខ្លឹមសារពីរចំណុចខាងលើយោធភូមិភាគទី១ថៃ នឹងបញ្ជូនព័ត៌មានទៅទីបញ្ជាការជួរមុខ ឲ្យបានជ្រាបទាន់សភាពការណ៍ ប្រសិនមានហេតុការណ៍ណាមួយកើតឡើង ដើម្បីការពារ និងបង្រ្កាបក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន។

 ដោយឡែកលោកឧត្តមនាវីឯក ទៀ សុខា ក៏បានឲ្យដឹងថា ផ្អែកតាមខ្លឹមសារខាងលើប្រសិនបើ បញ្ជាការដ្ឋានយោធភូមិភាគីទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ ក្តាប់បាននូវទំនិញខុសច្បាប់ដែលចរាចរឆ្លងដែនរវាងដែនសមុទ្រនៃប្រទេសទាំងពីរ ទីបញ្ជាការជួរមុខ សំណូមពរផ្តល់ព័ត៌មានដល់ទីបញ្ជាការជួរមុខដើម្បីចាត់វិធានការបង្រ្កាប និងទប់ស្កាត់អោយបានទាន់ពេលវេលា។

បន្ថែមពីនេះ ភាគីទាំង២បានចាត់ទុកកិច្ចប្រជុំលើកនេះ ថាបានទទួលជោគជ័យគួរជាទីមោទនៈ នឹងនាំឲ្យភាគីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលំហូសមុទ្រ និងយោធភូមិទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ បង្កើនកិច្ចសហប្រតិបត្តិការវិស័យនានាបន្តទៀតដូចជា ការទាក់ទងបញ្ជូនសារ ផ្លាស់ប្តូរព័ត៌មាន ការបង្កើតសន្តិភាព និងសណ្តាប់ធ្នាប់ ក្នុងតំបន់នៃភាគីរៀងៗខ្លួន ដើម្បីលើកស្ទួយភាពយោគយល់រវាងគ្នា ហើយរឿងដែលសំខាន់បំផុតនៃកិច្ចប្រជុំលើកនេះ ក៏ដូចជាការជួបពិភាក្សាការងារ របស់បញ្ជាការដ្ឋានយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ និងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បង្កើនសម្ព័ន្ធមេត្រីភាពដ៏ល្អរវាងគ្នា ក្នុងឱកាសក្រោយទៀត៕