(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះថា កាលពីល្ងាចមិញ កម្លាំងនគរបាលការិយាល័យ "ក១" នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាល ខណ្ឌដូនពេញ បានចាប់ខ្លួនស្រ្តីជនជាតិវៀតណាមម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំ ជាមួយថ្នាំញៀន១គីឡូក្រាម និងជាច្រើនកញ្ចប់ច្រើនទៀត។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ការចាប់ខ្លួននេះ បានធ្វើឡើង នាចំណុចផ្លូវលេខ១០៥ ជិតស្ថានទូតអាល្លឺម៉ង់ សង្កាត់វាលវង់ ខណ្ឌ៧មករា រួចបន្ដឆែកឆេរបន្ទប់ជួលនៅជាន់ទី៣ ផ្ទះលេខ៦៩ ផ្លូវ១៧៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ទៀតថាជនល្មើសមាន ឈ្មោះ ហ្វៀង ធីវ៉ាន់ ជនជាតិវៀតណាម អាយុ៣២ឆ្នាំ។

ក្រោយការចាប់ខ្លួន និងឆែកឆេររួចមក កម្លាំងនគរបាល បានចាប់យកវត្ថុុតាង ថ្នាំញៀនប្រភេទ ម៉េតំហ្វេតាមីន ទឹកកកទម្ងន់១គីឡូក្រាម ថ្នាំគ្រាប់ ប្រភេទអិចស្ដ្រាសិ ៨កញ្ចប់ និងប្រភេទហេរ៉ូអីន ៦៥កញ្ចប់​តូចផងដែរ៕