(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ពន្លឿនការដោះស្រាយវិវាទដីធ្លី ជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដែលបានអូស​បន្លាយអស់ជាច្រើនឆ្នាំមកហើយនោះ។ ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ។

ប្រជាពលរដ្ឋប្រមាណជា ១០០គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋមានជម្លោះដីធ្លីជិត១ពាន់គ្រួសារមកពីតំបន់នានា នៅក្នុងខេត្តព្រះសីហនុ ក្នងនោះមានប្រជាពលរដ្ឋមានជម្លោះ​ជាមួយក្រុមហ៊ុនថៃប៊ុន​រ៉ុងផងដែរ បន្ទាប់ពីទទួលបានដំណឹងថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកកាន់ខេត្តរបស់ពួកគេ បានប្រមូលផ្តុំនៅ ពីមុខសាលាខេត្តតាំងពីព្រលឹម រហូតដល់សម្តេច​តេជោបញ្ចប់កិច្ចប្រជុំជាមួយមន្រ្តីនៅម៉ោងជាង ៦ល្ងាច។ បើទោះបីមានស្ថិតក្រោមដំណក់ភ្លៀង ក៏ពួកគេមិនបានទៅណាផងដែរ។

ការរង់ចាំទាំងក្រោមដំណក់ភ្លៀងនេះ គឺពួកគេមានបំណងចង់បានជួបសម្តេចតេជោ ដោយផ្ទាល់ដើម្បីបង្ហាញនូវស្រឡាញ់របស់ពួកគេចំពោះប្រមុខដឹកនាំប្រទេស ក៏ដូចជាចង់ឲ្យសម្តេចជួយដោះ​ស្រាយបញ្ហាដីធ្លីជូន​ពួកគេផងដែរ។ តែទោះជាយ៉ាងណាក្រុមប្រជាពលរដ្ឋ ដែលត្រូវកម្លាំងសមត្ថកិច្ចឈររារាំងមិនឲ្យផ្លាស់ទីនោះ មិនបានជួបសម្តេចតេជោនោះឡើយ។

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានប្រាប់ Fresh News ក្រោយជួប្រជុំជាមួយសម្តេចតេជោ ហ៊ុន សែន ថា សម្តេចតេជោ បានជំរុញឲ្យអាជ្ញាធរខេត្ត និងអាជ្ញាធរថ្នាក់ជាតិពន្លឿនការ​ដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោកអភិបាលខេត្តបញ្ជាក់ថា «ជាគោលការណ៍របស់សម្តេច ដូចមុនអ៉ីចឹងគាត់ជំរុញឲ្យពួកយើងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឲ្យខិតខំដោះទៅ»

តែទោះបីជាយ៉ាងណា លោកអភិបាលខេត្ត បានបញ្ជាក់ថា ការដោះស្រាយមិនអាចធ្វើបានលឿនតាមចិត្តរបស់ប្រជាពលរដ្ឋ ដែលមានវិ វាទនោះឡើយ ដោយសារវិវាទដីធ្លីមានបញ្ហាផ្សេងៗគ្នា។ លោក យន្ត មីន បានបកស្រាយថា ប្រជាពលរដ្ឋ ដែលមានបញ្ហាដីធ្លី ហើយមិនទាន់មានបណ្ណកម្មសិទ្ធិដីធ្លីនោះ គណៈកម្មការដោះស្រាយដីធ្លីថ្នាក់ខេត្តជាអ្នកដោះស្រាយ  ហើយបើថ្នាក់ខេត្តដោះស្រាយមិន​ចេញត្រូវបញ្ជូនទៅគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ជាតិ។ ដោយឡែកដីធ្លី ដែលមានប្លង់កម្មសិទ្ធិ គឺត្រូវដោះស្រាយ​តាមប្រព័ន្ធ​តុលាការ។

លោក យន្ត មីន បានបង្ហាញសុទិដ្ឋិនិយមថា បញ្ហាដីធ្លីនឹងត្រូវបានដោះស្រាយបញ្ចប់ ប្រសិនបើភាគីជម្លោះចេះ​យោគយល់ និងចេះធ្វើសម្បទានឲ្យ​គ្នាទៅវិញ​ទៅមកនោះ។

តំណាងប្រជាពលរដ្ឋប្រមាណ ១២នាក់ នៅរសៀលថ្ងៃទី០៣ ខែសីហា ក៏ត្រូវបានឲ្យចូលជួបចរចាស្វែង​រកដំណោះស្រាយជា​មួយអភិបាល​ខេត្តព្រះសីហនុ ផងដែរ តែពួកគាត់ហាក់មិន​សូវមានជំនឿ​ក្នុងការស្វែងរកបានពន្លឺនោះឡើយ បើការងារទុក​ឲ្យអាជ្ញាធរខេត្ត ជាអ្នកដោះស្រាយ​នោះ ព្រោះជម្លោះដីធ្លីនេះ​បាន អូសបន្លាយអស់រយៈ​ពេលជាច្រើនឆ្នាំមកហើយ៕