(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការ បានថ្លែងទៅកាន់ លោកស្រី ប៊ូ​ ជីងហ្គ័ (BU Jianguo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ ដែលបានបញ្ចប់អាណ្ណតិ នៅកម្ពុជាថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ​យ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលចិនបានផ្ដល់ដល់កម្ពុជា»។ ការថ្លែងរបស់លោកទេសរដ្ឋមន្ដ្រី ធ្វើឡើងក្នុងឱកាសដែលលោកស្រី​ ប៊ូ ជីងហ្គ័ ចូលជួបសម្ដែងការគួរសម និងជម្រាបលានាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ នៅទីស្ដីការក្រសួង។

​បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការជួយឧបត្ថម្ភ និងកិច្ចសហប្រតិបត្តការទាំងនោះ បានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍរបស់កម្ពុជា នាពេលបច្ចុប្បន្ន ហើយការរីកចម្រើន ទាំងនោះបានជួយពង្រឹងបន្ថែមទៀត នូវឯករាជ្យនយោបាយ របស់ព្រះរាជាណាចក្រកម្ពុជា។ លោកបន្ដថា ការអភិវឌ្ឍនៅ កម្ពុជាលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ចេញពីការឧបត្ថម្ភ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិននោះឡើយ។ ​ក្រៅពីនេះ លោកទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះភាពសកម្ម ​និងការចូលរួមចំណែក របស់លោកស្រីឯកអគ្គរដ្ឋទូត ក្នុងពេលដែល​បំពេញបេសកកម្មនៅកម្ពុជា ដល់ការពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះដែរ លោកស្រី ប៊ូ ជីងហ្គ័ ក៏បានជម្រាបជូនលោកទេសរដ្ឋមន្រ្តី អំពីមនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅ​លោកស្រី ដែលមានចំពោះកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា ក្នុងពេលដែល​ស្នាក់នៅ និងបំពេញការងារនៅកម្ពុជា។ លោកស្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់លោកទេសរដ្ឋមន្រ្តី ​និងទំនាក់ទំនងការងារដ៏ជិតស្និទរវាងក្រសួងការបរទេស និងស្ថានទូតចិន នៅក្នុងឱកាសដែលលោកស្រី បានមកបំពេញការងារនៅកម្ពុជា ដែលបានជួយឱ្យ​លោកស្រីអនុវត្តបានដោយជោគជ័យ នូវបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។

ជាចុងក្រោយ លោកស្រី ប៊ូ ជីងហ្គ័ ក៏បានជម្រាបជូន​ថា ឯកអគ្គរដ្ឋទូតថ្មីរបស់ចិន នឹងបន្តការងារក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយលោកស្រី ក៏បានស្នើសុំឱ្យលោកទេសរដ្ឋមន្រ្តី និងក្រសួងការបរទេស បន្តផ្តល់ការគាំទ្រ ព្រមបន្តនូវទំនាក់ទំនងដ៏ល្អប្រសើរ រវាងក្រសួងការបរទេស ជាមួយ​ស្ថានទូតចិន ដើម្បីជួយដល់ឯកអគ្គរដ្ឋទូតថ្មី ឱ្យបំពេញការងារបានល្អប្រសើរនៅកម្ពុជា។

គូសបញ្ជាក់ថា លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ផ្ទាល់ក៏ដូចជាក្រសួងការបរទេស ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើទំនាក់ទំនង ការងារដ៏ជិតស្និទ្ធ ជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់ចិន ដើម្បីពង្រឹង និងពង្រីកនូវ ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ៕