(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំការប្រឡង សញ្ញាបត្របាក់ឌុបឆ្នាំ២០១៦ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ ក្រសួងកំណត់យកពិន្ទុចំនួន២២៤ពិន្ទុ គឺជាប់។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងក្នុងពិធីនេះថា វិញ្ញាសារក្នុងការប្រឡងបាក់ឌុបខាងមុខនេះ នៅតែដដែលមិនបន្ធូរនោះទេ។ លោកបន្ថែមទៀតថា កាលពីប្រឡងបាក់ឌុបឆ្នាំមុនៗ សង្កេតឃើញថា បេក្ខជនប្រឡងមានការធ្លាក់ច្រើន លើមុខវិជ្ជាគណិតវិទ្យា ហើយបេក្ខជនជាប់ច្រើន ក្នុងមុខវិជ្ជាភាសាខ្មែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យ បេក្ខជនប្រឡងទាំងអស់ សូមមកមណ្ឌលប្រឡងឲ្យមានមុនម៉ោង ដើម្បីងាយស្រួលដល់ការប្រឡង ការពារភាពយឺតយ៉ាវការប្រឡង។ ជាពិសេសជាងនេះ លោកបានជំរុញឲ្យបេក្ខជន ខិតខំប្រឹងប្រែងរៀនសូត្រ និងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីត្រៀមប្រឡងនៅថ្ងៃ២២ ខែសីហា ខាងមុខនេះ ដែលនៅសល់មិនដល់១ខែទៀតនោះទេ៕