(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ឌឿន ប្រធាននាយកដ្ឋាន​ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សមត្ថកិច្ចចម្រុះដែលចុះទៅឆែកឆេរ​ និង​ត្រួតពិនិត្យ សហគ្រាសផលិត និង វេចខ្ចប់ថ្នាំលាបសក់​ «ខល័រ និង ប៊្លូប្រឺហ្វេសិនណល» បានសម្រេច ដកហូតវត្ថុធាតុដើម និងផលិតផលជាច្រើន ចេញពីសហគ្រាសនេះ ជាបណ្តោះអាសន្ន ដើម្បី ត្រួតពិនិត្យបន្ថែម នៅក្រសួងសុខាភិបាល និងផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។

ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ឌឿន បានបញ្ជាក់ថា សមត្ថកិច្ចក៏បានសម្រេចបិទទីតាំងបណ្តោះអាសន្ន ដើម្បីរក្សានូវផលិតផល និងវត្ថុធាតុដើម ដែលបានរកឃើញ ហើយករណីនេះ នឹងមានការសម្រេចពីសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ​ជាច្រើនទៀត។

ការសម្រេចនេះ បានធ្វើឡើង ក្រោយពី​ម្លាំងចម្រុះ​នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងក្រុមការងារពីក្រសួងសុខាភិបាល រួមនឹងអាជ្ញាធរប្រចាំតំបន់​ជាច្រើននាក់ទៀត បានចុះទៅឆែកឆេរ សហគ្រាសផលិត និងវេចខ្ចប់ថ្នាំលាបសក់​របស់សហគ្រាស «ខល័រ និង ប៊្លូប្រឺហ្វេសិនណល» នៅព្រឹកថ្ងៃទី​០៣ ខែសីហា ឆ្នាំ២០១៦នេះ ហើយ បានរកឃើញថា វត្ថុធាតុដើម នៅក្នុងសហគ្រាសនេះ ពុំមានលិខិតអនុញ្ញាត ត្រឹមត្រូវពីក្រសួងសុខាភិបាល (ចុះបញ្ជីការពីក្រសួងសុខាភិបាល) ចំណែកការផលិត និងវេចខ្ចប់ ពុំមានលិខិតអនុញ្ញាត ពីក្រសួងសុខាភិបាល និង ក្រសួងឧស្សហកម្ម និងសិប្បកម្ម។ ក្រៅពីនោះ​សមត្ថកិច្ចបានរកឃើញថា ម៉ាស៊ីន នាំចូលផលិត សុទ្ធតែគ្មានការអុនញ្ញាត​ត្រឹមត្រូវ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៦នេះ សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំង​បទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការ ឆែកឆេរ សហគ្រាសផលិត និង វេចខ្ចប់ផលិតផលថ្នាំ លាបសក់​ខល័រ និង​ប៊្លូប្រឺហ្វេសិនណល (Color and Blue Professional) សង្ស័យមានជាតិគីមី និង​វេចខ្ចប់ផលិតផលថ្នាំ លាបសក់​ខុសច្បាប់។

ប្រតិបត្តិការចុះឆែកឆេរខាងលើនេះ ដឹកនាំដោយ លោក លី សុផាណា ព្រះរាជអាជ្ញារង​នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ត្រី អ៊ុ ម៉ូនី អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រតិបត្តិការប្រចាំក្រុងភ្នំពេញ, មន្រ្តីក្រសួងសុខាភិបាល, កម្លាំងចម្រុះជាច្រើននាក់ និងមានការចូលរួមពីអាជ្ញាធរ ភូមិ ​សង្កាត់ ជាច្រើនរូបទៀតផងដែរ ។ សហគ្រាសផលិត និង វេចខ្ចប់ផលិតផលថ្នាំ លាបសក់​ «ខល័រ និង ប៊្លូប្រឺហ្វេសិនណល» (Color and Blue Professional) មានទីតាំងស្ថិតនៅ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការរបស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បានធ្វើឡើង ក្រោយពីសង្ស័យថា សហគ្រាសនេះ កំពុងតែផលិត វេចខ្ចប់ និងចែកចាយធ្វើចរាចរណ៍លើទីផ្សារ នូវផលិតផលថ្នាំលាបសក់ ដោយខុសច្បាប់។ ក្រោយប្រតិបត្តិការសមត្ថកិច្ច រឹបអូសបានវត្ថុតាងមួយចំនួនរួមមាន ផលិតផលវេចខ្ចប់រួចចំនួន៣០តោន, វត្ថុធាតុដើមប្រហែល១៥តោន, សំបកវេចខ្ចប់ប្រហែល៥តោន, ម៉ាស៊ីនសម្រាប់ផលិតថ្នាំលាប៧គ្រឿង និងសំបកកេសមួយចំនួនធំ៕