(ភ្នំពេញ)៖ កីឡាការិនីតេក្វាន់ដូឆ្នើមកម្ពុជា ស៊ន សៀវម៉ី នឹងត្រូវប្រជែងទល់ នឹងកីឡាការិនី Reshimie Oogink មកពី ប្រទេសហូឡង់ ក្នុងជុំទី១ ប្រភេទទម្ងន់លើស ៦៧គីឡូក្រាម (+67Kg) ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ នៅទីក្រុង Rio de Janeiro 2016 នៃប្រទេសប្រេស៊ីល។

យោងតាម Facebook Page ផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា នេះជា ១ប្រកួតរបស់ម្ចាស់មេដាយមាសប្រចាំទ្វីបអាស៊ី ដែលត្រូវប្រជែងទល់នឹង កីឡាការិនីហូឡង់ Oogink ក្នុងវគ្គ១៦នាក់ ប្រភេទកីឡាតេក្វាន់ដូ ទម្ងន់ធ្ងន់ វិញ្ញាសា +៦៧គីឡូក្រាម ក្នុងការប្រជែងយកមេដាយឡើង ទៅវគ្គ៨នាក់ចុងក្រោយ និងស្វែងរកមេដាយនៅក្នុងកីឡាអូឡាំពិក លើកទី៣១ នេះ។

ពួកគេទាំងពីរ នឹងត្រូវប្រកួតគ្នានៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ គ្រាដែលម្ចាស់មេដាយមាស នៃវគ្គជម្រុះកីឡា អូឡាំពិក ប្រចាំទ្វីបអាស៊ី ស៊ន សៀវម៉ី វ័យ២០ឆ្នាំ កម្ពស់ ១.៨៣ម៉ែត្រ ប៉ះកីឡាការិនីហូឡង់ ដែលមានវ័យ២៧ឆ្នាំ កម្ពស់ ១.៧៩ម៉ែត្រ ដែលជាជើងខ្លាំងមួយរូបផងដែរ។

សូមរំលឹកផងដែរថា សម្រាប់ការចូលរួមព្រឹត្តិការណ៍ ដែលមានរយៈពេល ៤ឆ្នាំម្តង ឆ្នាំ២០១៦នេះ កម្ពុជា បានបញ្ជូន ៤ប្រភេទកីឡាចូលរួមនឹងគេដែរ រួមមានកីឡាតេក្វាន់ ១រូប កីឡាហែល ២រូប កីឡាចំបាប់ ១រូប និងកីឡាអត្តពលកម្ម ២រូប ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ដែលបានចេញដំណើរទៅប្រទេសប្រេស៊ីល តាំង ពីរាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានកែប្រែប្រវត្តិ សាស្រ្តថ្មី យកឈ្នះក្រុមសិង្ហបុរី ដោយលទ្ធផល ២-១ ក្នុងមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕