(ភ្នំពេញ)៖ លោក ចាន់ ចេស្តា អភិបាលខេត្តកំពត បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា កាលពីម្សិលមិញវេលាម៉ោង ប្រមាណ ១៖៣០នាទី កីឡាករ ជួរមុខក្នុងក្រុមជម្រើសជាតិ បាល់ទាត់កម្ពុជា ចាន់ វឌ្ឍនាកា ត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាអនុញ្ញាតឲ្យ ជួបសំណេះសំណាល នៅខេត្តកំពត ប្រមាណ១៥នាទី និងឧបត្ថម្ភប្រាក់ចំនួន៣០០០ដុល្លារ។

សូមជំរាបថា​ កាលពីម្សិលមិញនាពេលព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ សម្តេចបានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវជាតិលេខ៤៤ នៅខេត្តកំពង់ស្ពឺ បន្ទាប់មកសម្តេច បានធ្វើដំណើរឆ្ពោះខេត្តកំពត ហើយបានអនុញ្ញាតឲ្យកីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ចូលជួបសំណេះសំណាលប្រមាណ១៥នាទី នៅខេត្តកំពតតែម្តង។

ខ្សែប្រយុទ្ធពាក់ស្លាកលេខ១១ ដែលមានស្រុកកំណើតនៅខេត្តកំពត ខាងលើ បានសរសេរនៅលើ Facebook Page ផ្ទាល់ខ្លួនថា «ខ្ញុំបាទ ចាន់ វឌ្ឍនាកា កីឡាករជម្រើសជាតិកម្ពុជា និងក្លឹបបឹងកេតអង្គរ ពិតជាមានកិត្តិយសខ្លាំងណាស់ ដែលត្រូវបានសម្ដេច នាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យចូលរួម ទទួលទានអាហារថ្ងៃត្រង់ជាមួយសម្ដេចនៅខេត្តកំពត។ ក្នុងនាម យុវជនមួយរូបដែលជាសសរទ្រូង នៃប្រទេសជាតិ ខ្ញុំបាទសូមថ្លែងអំណរគុណសម្ដេច ដែលតែងយកចិត្តទុកដាក់ និង ផ្ដល់ឱកាសដល់យុវជនទាំងអស់របស់កម្ពុជា ក៏ដូចជាការលះបង់របស់សម្ដេចក្នុងការ ប្ដូរយកសុខសន្តិភាពជូនប្រទេស កម្ពុជាយើងឲ្យមានការរីកចម្រើនទៅមុខ»

ទន្ទឹមគ្នានោះ កីឡាករវ័យក្មេង ចាន់ វឌ្ឍនាកា ក៏បានបន្ថែមទៀតថា រូបគេនឹងប្ដេជ្ញាប្រឹងប្រែងអភិវឌ្ឍ សមត្ថភាពខ្លួនឯង បន្ថែមទៀត ដើម្បីរួមចំណែកលើកមុខមាត់ ប្រទេសកម្ពុជាលើឆាកអន្តរជាតិ តាមរយៈក្រុមបាល់ទាត់ជម្រើសជាតិ និងក្លឹប។

សូមសម្ដេច និងក្រុមគ្រួសារជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕