(តាកែវ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៦នេះ បានអញ្ជើញចូលរួមកាត់ខ្សែបូសម្ភោធអាគារសម្ភព នៅមន្ទីរពេទ្យបង្អែកកោះអណ្ដែត ស្រុកប្រតិបត្តិកោះអណ្ដែត ដែលអាគារនេះគឺជាជំនួយសប្បុរសធម៌​ របស់រាជរដ្ឋាភិបាល នៃសាធារណៈរដ្ឋឆេក។

ថ្លែងនៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានសំដែងនូវអំណគុណចំពោះរដ្ឋាភិបាលឆេក ដែលបានចំណាយថវិកាដ៏ច្រើន ក្នុងការកសាងអាគារសម្ភព និងរោគស្រ្តីនេះដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋជាង១០ម៉ឺននាក់​ ដែលរស់នៅក្នុងស្រុកកោះអណ្ដែត និងតំបន់ដែលនៅជិតៗនេះ។

លោករដ្ឋមន្រ្តីបាន បន្តថា អំណោយអាគារប្រកបដោយសប្បុរសធម៌ ជាអាគារសម្ភព និងរោគស្រ្តីនេះ វាពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះវាបានឆ្លើយតបទៅ និងសេចក្ដីត្រូវការចាំបាច់ និងអាចជួយសម្រាលការលំបាកមួយកម្រិតថែមទៀត របស់ប្រជាពលរដ្ឋនៅតំបន់នេះ ក្នុងការស្វែងរកសេវាសុខភាពផងដែរ៕