(ព្រះសីហនុ)៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការទីបញ្ជាការជួរមុខ នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលំហូរសមុទ្រ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ បានទទួលស្វាគមន៍ ដំណើរមកទស្សនកិច្ចរបស់ក្រុមនិស្សិត វគ្គបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្រ្តយោធាជំនាន់ទី៤ និងវគ្គបរិញ្ញាបត្រ ភស្តុភារ បច្ចេកទេស យោធាជំនាន់ទី៣។

ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិត វគ្គបរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្រ្តយោធាជំនាន់ទី៤ និងវគ្គបរិញ្ញាបត្រភស្តុភារបច្ចេកទេស យោធាជំនាន់ទី៣ ចំនួន៥៤រូបនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ថាច់ ប៊ីតា សកលវិទ្យាធិការរង នៃសកលវិទ្យាល័យការពារជាតិ ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកអនុប្រធាន នាយកដ្ឋាន កម្លាំងទីបញ្ជាការជួរមុខ និងមន្រ្តីស្ថាប័នគន្លឹះ សរុប២៥រូបផងដែរ។

លោកឧត្តមនាវីឯក ទៀ សុខា បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកឧត្តមសេនីយ៍ឯក ថាច់ ប៊ីតា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យការពារជាតិ ដែលបានដឹកនាំ ថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិ និងក្រុមនិស្សិតបរិញ្ញាប័ត្រជាន់ខ្ពស់ វិទ្យាសាស្រ្តយោធា មកទស្សនកិច្ច នៅទីបញ្ជាការជួរមុខ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុនេះ។

លោកឧត្តមនាវីឯក ទៀ សុខា បានបន្តថា ការបង្កើនធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការល្អ គឺជាបញ្ហាដ៏សំខាន់ ហេតុដូច្នេះការអញ្ជើញមកធ្វើ ទស្សកិច្ចនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ចំណេះដឹង បទពិសោធ ដើម្បីបង្កើនសមត្ថភាព និងធនធានមនុស្ស ក្នុងការអនុវត្តការងារ និងជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីពង្រឹងកិច្ចសហការ ជាមួយស្ថាប័នជាតិ អន្តរជាតិ ជាពិសេសជាមួយសាកលវិទ្យាល័យការពារជាតិ គឺដើម្បីបង្កើនសន្តិសុខ និងសុវត្ថិភាព ក្នុងការ ធានាដល់ការធ្វើចរាចរណ៍នាវាលើផ្ទៃសមុទ្រ រក្សាផលប្រយោជន៍សេដ្ឋកិច្ច ធនធានធម្មជាតិ បរិស្ថាន ជួយសង្រ្គោះ គ្រោះមហន្តរាយ ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ការរត់ពន្ធខុសច្បាប់ ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ ការជួញដូរមនុស្ស ចោរសមុទ្រ ប្រឆាំងអំពើភេរវកម្ម និងបទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងប្រទេសកម្ពុជា និងធ្វើការ តាមដានរុករក ស្រាវជ្រាវព័ត៌មាន ផ្តល់ឲ្យគ្នាទៅវិញទៅមក ជាពិសេសបានធ្វើឲ្យមាន ការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលំហូរសមុទ្រ ជាមួយសាកលវិទ្យាល័យការពារជាតិ។

លោកឧត្តមនាវីឯក ក៏បានបញ្ជាក់បន្ថែមថា ទីបញ្ជាការជួរមុខបច្ចុប្បន្ន ជាសេនាធិការ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស ដើម្បីអនុវត្តតាមបទបញ្ជារបស់អគ្គលេខាធិការដ្ឋាន ក្នុងកិច្ចប្រតិបត្តិការ និងអនុវត្តច្បាប់តាមនិតិវិធី និងដឹកនាំកម្លាំងចម្រុះ ស្ថាប័នគន្លឹះមួយចំនួនរួមមាន កងយោធពលខេមរភូមិន្ទ នគរបាលជាតិ មន្រ្តីក្រសួងយុត្តិធម៌ មន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន មន្រ្តីបរិស្ថាន មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីក្រសួងពាណិជ្ជកម្ម មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ជវត្ថុ និងមន្រ្តីគណៈកម្មាធិការជាតិប្រឆាំង ភេរវកម្ម ដើម្បីសម្រេចភារកិច្ច ដែលអគ្គលេខាធិការដ្ឋានប្រគល់ជូន ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក ថាច់ ប៊ីតា បានថ្លែងអំណរគុណ ចំពោះលោកឧត្តមនាវីឯក ទៀ សុខា ដែលបានទទួលរាក់ទាក់ព្រមទាំង បានធ្វើបទបង្ហាញជូនដល់ក្រុមនិស្សិត សាកលវិទ្យាល័យកាពារជាតិ ឲ្យបានយល់ពីការងារផ្ទាល់លើផ្ទៃសមុទ្រដ៏ធំធេង ដែលនេះជាការផ្តល់ចំណេះវិជ្ជាថ្មីមួយទៀត ជូនដល់ក្រុមនិស្សិតដើម្បីឲ្យបានយល់ជ្រួតជ្រាប៕