(ភ្នំពេញ)៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរា​ចរណ៍​នៅ​​ទូទាំង​ប្រទេស​កើតឡើងចំនួន៩លើក (យប់៣លើក) មិនបណ្តាលឲ្យមានមនុស្សស្លាប់នោះទេ ប៉ុន្តែរង​​​​របួសធ្ងន់១១នាក់ និងរបួសស្រាល៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរា​ចរណ៍ទាំង ៩លើក​នេះ បណ្តាលឲ្យ​ខូច​ខាត​យាន​យន្តសរុប ចំនួន២១គ្រឿង រួមមានម៉ូតូ​ចំនួន១៤គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង រថយន្តធុនធំចំនួន២គ្រឿង និងយានផ្សេងៗចំនួន១គ្រឿង ហើយមូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍ ​រួមមានល្មើសល្បឿន៣លើក, ស្រវឹង១លើក, ប្រជែងគ្រោះថ្នាក់២លើក, មិនប្រកាន់ស្តាំ១លើក, បត់គ្រោះថ្នាក់១លើក និងមិនគោរពសិទ្ធិ១លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍១៤នាក់ (យប់៤នាក់)។

នៅថ្ងៃទី២ ខែសីហា ឆ្នាំ​២០១៦​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្ត​ច្បាប់​ចរា​ចរណ៍​​ផ្លូវគោកឃើញ​ថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​ ៣៤០២គ្រឿង ក្នុង​នោះបានធ្វើ​ការអប់រំ​ ចំនួន១៥៧៨គ្រឿង ​និងពិន័យ​សរុបចំនួន ១៨២៤គ្រឿង៕