(ពោធិ៍សាត់)៖ កម្លាំងសមត្តកិច្ចនគរបាលស្រុកកណ្ដៀង ឃាត់ខ្លួនមុខសញ្ញាលួចយ៉ាងសកម្មចំនួន៣នាក់ បន្ទាប់ពីហៅពួកគេមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦។

មន្ត្រីនគរបាលស្រុកកណ្តៀង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មុខសញ្ញាជនសង្ស័យ ត្រូវបានឃាត់ខ្លួននោះ ទី១-កែវ សុខជា ភេទប្រុស អាយុ ២២ឆ្នាំ ទី២-ស៊ឹម ញ៉ាវ ភេទប្រុស អាយុ២៤ឆ្នាំ ទាំងពីរនាក់រស់នៅភូមិទួលពង្រ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និងទី៣-ជា សុខហេង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិផ្លូវពោធិ៍វង្ស ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពដដែលពីមន្ត្រីនគរបាលស្រុកកណ្តៀង បានបន្តថា ការឃាត់ខ្លួនពួកគេទាំងបីនាក់នេះ ធ្វើឡើងក្រោយពីទទួលពាក្យបណ្ដឹងពីឈ្មោះ ជឹម ផល្លា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិស្វាយចំបក់ ឃុំស្វាយលួង ស្រុកកណ្ដៀង ថាជនសង្ស័យទាំងបីនាក់នេះ បានលួចកាបូបលុយ ក្នុងនោះមានលុយចំនួន ១១៥០០០រៀល លុះនៅយប់ដដែលវេលាម៉ោងប្រមាណ១២យប់ ពួកគេបានបន្តធ្វើសកម្មភាពលួចកាបូបឈ្មោះ កែវ ស៊ីគឿម ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិផ្លូវពោធិ៍វង្ស ឃុំស្វាយលួង ស្រុកកណ្ដៀង ដែលក្នុងកាបូបនោះមានលុយចំនួន ២០០០០០រៀល និងទូរស័ព្ទដៃ iPhone 4 ០១គ្រឿង ។

បច្ចុប្បន្នកម្លាំងនគរបាលស្រុកកណ្តៀង កំពុងបំពេញសំណុំបែបបទ បញ្ជូនខ្លួនជនសង្ស័យទាំងបី ទៅការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕