(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់អង្គភាព Fresh News ថា ផ្លូវលេខ៤៤ នឹងជួយឲ្យជីវភាពរបស់ពួកគេកាន់តែប្រសើរឡើង ហើយពួកគេបានស្នើឲ្យរាជរដ្ឋាភិបាល បន្ដជួយសាងសង់ផ្លូវថ្មីៗ បន្ថែមទៀត។

ការថ្លែងរបស់ប្រជាពលរដ្ឋបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៤៤ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ។

យុវជន ម៉ិញ កឹមធឿន បាននិយាយថា «កាលពីមុនរាជរដ្ឋាភិបាលមិនទាន់បានកសាងផ្លូវអញ្ចឹង វាពិបាកក្នុងការធ្វើដំណើរ តែឥឡូវស្រួលធ្វើដំណើរ ពីមុនមកចង់ទៅសាលាទាល់​តែងើបពីយប់បន្តិច​បានទៅ​ដល់សាលា ហើយពេលនោះអត់សូវមានកង់អីផង ណាមួយជីវភាពអត់សូវធូរធារដូចឥឡូវ ហើយពេលទៅរៀនត្រូវដើរកាត់បឹងស្រែ ហើយពីមុនមកមានតែផ្លូវរទេះគោមួយតូច ដល់ពីឥឡូវមានផ្លូវ​ស្រួលចឹងអត់ខាតពេលក្នុងការទៅរៀនអត់ទាន់គេ ចំណែកការចំណាយថ្លៃប្រេងវាក៏តិចជាងផ្លូវដែលពិបាក»

ចំណែកលោក ស៊ិន សុង ប្រជាពលរដ្ឋនៅក្រុងច្បារមន បានលើកឡើងថា «ផ្លូវនេះពីមុនលំបាកណាស់ខ្ញុំមករស់នៅទីនេះតាំងពីឆ្នាំ១៩៨១ យើងធ្វើដំណើរដី២០គីឡូ ហើយបរទេះ​គឺយើង​ដេកផ្លូវមួយយប់ លំបាកណាស់ វេទនាណាស់ជំនាន់នោះ ហើយជំនាន់នោះនៅមានពួកខ្មែរក្រហម តំបន់ប្រទាញ ប្រទង់ ហើយជួនការមានបរទេះទៅផ្ទុះមីនស្លាប់ក៏មាន»

លោកបញ្ជាក់បន្ថែមថា «បញ្ហានេះសំខាន់ណាស់ ចំពោះប្រជាពលរដ្ឋគឺសប្បាយចិត្តខ្លាំងណាស់ ព្រោះកាលពីមុនយើងដឹកទំនិញម្ដងៗ ទម្រាំបានទៅដល់ផ្សារគឺពិបាកមែនទែន ដល់​ឥឡូវយើង​មានផ្លូវចេះស្រួល ដល់ប្រជាជនក្នុងការធ្វើដំណើរ ហើយនៅពេលផលិតបានកសិផលអី ដឹកបានឆាប់រហ័សទៅផ្សារ ទោះបីដី៥០ ទៅ៦០គីឡូក៏ដោយ ក៏យើង​បានលឿន»

ជាចុងក្រោយលោកក៏បានសំណូមពរ ដល់រាជរដ្ឋាភិបាលថា «សូមរាជរដ្ឋាភិបាលសំឡឹងមើលត្រង់កន្លែងណាដែលអាចធ្វើបានសូមឲ្យលោកធ្វើជូនប្រជារាស្ដ្របន្ដទៀត ហើយខ្ញុំក៏សូមអរគុណដល់​សម្ដេចតេជោ ដែលបានខំប្រឹងប្រែងជួយដល់ប្រជារាស្ដ្រទាំងផ្លូវ ទាំងកម្លាំងកាយ កម្លាំងចិត្ត ធ្វើឲ្យប្រជាជនមានការរីកចម្រើនទៅមុខ»។

សូមជំរាបថា កំណាត់ផ្លូវជាតិនេះ មានប្រវែង១៣៩,៦គីឡូម៉ែត្រ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសំណង់ក្វាងចូវ វ៉ានអានរបស់ប្រទេសចិន។ ផ្លូវនេះ ត្រូវសាងសង់រយៈពេល ៤០ខែ ពីខែកុម្ភៈ ឆ្នាំ២០១៣ និងបានបញ្ចប់រួចរាល់ជាស្ថាពរ នាខែធ្នូ ឆ្នាំ២០១៥។ គម្រោងផ្លូវជាតិលេខ៤៤ ចំណាយថវិកា ៨០,៣០លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណ ៥.២៣០.៧២៨ដុល្លារអាមេរិក ផងដែរ៕