(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែសីហានេះ បានសំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះលោកវេជ្ជបណ្ឌិត បេអាត រីចឆ្នឺ ( Dr. Beat Richner) ទីប្រឹក្សាក្រសួងសុខាភិបាល និងជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ជា ចំពោះការផ្ដល់អនុសាសន៍ដ៏មានសារៈសំខាន់របស់លោក សម្រាប់ការពង្រឹងគុណភាព ព្យាបាលជំងឺកុមារ ក្នុងវិស័យសុខាភិបាល។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា ក្រសួងសុខាភិបាល នឹងបន្តពិភាក្សាដោយធ្វើការងារនេះ ជាមួយលោក Dr. Beat Richner ដើម្បីជាគុណប្រយោជន៍ក្នុងការបន្ត ពង្រឹងគុណវុឌ្ឍដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល លើផ្នែកពិនិត្យ និងព្យាបាលជំងឺកុមារ ឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសជូនសាធារណជនទាំងអស់ អំពីលេខទូរស័ព្ទទំនាក់ទំនង១១៩ សម្រាប់ការស្វែងរកសេវារថយន្តគិលាន្តសង្គ្រោះបន្ទាប់ និងលេខទំនាក់ទំនង ១១៥ សម្រាប់ការសាកសួរព័ត៌មាន ពាក់ព័ន្ធទៅនឹងជំងឺ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានព័ត៌មានលឿន និងឆាប់រហ័សផងដែរ។

សូមជម្រាបថា លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិករបស់មន្ទីរពេទ្យគុន្ធបុប្ផា ដែលត្រូវបានគេដឹងថា ជួយសង្គ្រោះកុមារក្រីក្រ នៅកម្ពុជាជាច្រើននាក់ ជារៀងរាល់ឆ្នាំនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងជាទីប្រឹក្សារបស់ក្រសួងសុខាភិបាល ដែលមានឋានៈស្មើរដ្ឋលេខាធិការ៕