(​ភ្នំពេញ)​៖ លោក អេង ឆៃអ៊ាង អនុប្រធានគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ នឹង​គាំទ្រ​ជំហររបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ការពា​អធិបតេយ្យ​ជាតិ និងថា ​«វៀតណាម​មិនមែន​ជា​ចៅហ្វាយ»។ លោក អេង ឆៃអ៊ាង បន្តថា ទស្សនៈ​នយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ជំហរ​ការពា​អធិបតេយ្យ​ជាតិ ដែល​ថា ​វៀតណាម​មិនមែន​ ជា​ចៅហ្វាយ​របស់​ខ្លួន​នោះ​ ត្រូវបានប្រជាពលរដ្ឋតាមដាន ដោយយកចិត្តទុកដាក់ និងសម្តែងការគាំទ្រ។

លោក លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង បានលើកឡើងបែបនេះ ខណៈលោកធ្វើសេចក្តីប្រកាសព័ត៌មាន នៅមុខសាធារណៈជន នៅ​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ នាថ្ងៃ​ទី​០២ សីហា ២០១៦។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន និង​សកម្មជន​របស់ខ្លួន លោក អេ​ង ឆៃ​អ៊ា​ង បាន​លើក​ឡើង​ថា ​«​យើង​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ជុំវិញ​ទស្សនៈ​នយោបាយ​ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទស្សនៈនេះ កំពុងធ្វើឲ្យប្រជាពលរដ្ឋឃ្លាំមើល បើសិនជា ទស្សនៈនយោបាយនេះ ជាការពិតប្រជាពលរដ្ឋខ្មែរ និងអបអរសាទររីករាយ ហើយគណបក្សសង្រ្គោះជាតិ ក៏ចូលរួមអបអរសាទរដែរ»​

លោក លោក អេង ឆៃអ៊ាង តំណាងគណបក្ស​សង្គ្រោះ​ជាតិ សូម​អំពាវនាវ​គ្រប់​ភាគី​ទាំងអស់​ជជែក​គ្នា ធ្វើ​យ៉ាងណា​ឲ្យ​ខ្មែរ​មានការ​ឯកភាព​គ្នា ពេល​នោះ​នយោបាយ​ការ​បទេស​ទាំង​ជាតិ និង​អន្តរជាតិ​ខ្លាំង​​។

សូមជំរាបថា នៅថ្ងៃអាទិត្យកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឆ្លើយតបសារខ្លាំងៗទៅលើ Comment មួយរបស់ម្ចាស់ Facebook មានឈ្មោះ «Phạm Đức Hiển» ដោយបានសរសេរនៅលើ Facebook សម្តេចថា «លោកហ៊ុនសែនក្បត់វៀតណាម»។ ក្រោយពីមាន Comment បែបនេះ សម្តេចបានឆ្លើយតបដោយសារព្រមានធ្ងន់ៗថា «តើវៀតណាមជាឪពុកខ្ញុំ ឬជាមហាក្សត្រខ្ញុំឬ? អ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែរបស់ខ្ញុំ ហើយវៀតណាម មិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ»

ការឆ្លើយតបព្រមានធ្ងន់ៗទៅលើម្ចាស់ Facebook មានឈ្មោះ «Phạm Đức Hiển» ពីសំណាក់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានការគាំទ្រជាច្រើនពីសាធារណៈជន និងអ្នកនយោបាយនៅកម្ពុជា៕