(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានប្រកាសរកមុខអ្នកយកឈ្មោះរបស់លោក ដើរយកលុយ ថ្លៃបេនចំណតរឺម៉ក់កង់បី នៅខាងកើតផ្សារធំថ្មី ដើម្បីមានវិធានការតាមច្បាប់។ ការប្រកាសស្វែងរកមុខអ្នកដើរយកលុយ ដោយប្រើឈ្មោះរបស់លោក និងអាជ្ញាធរខណ្ឌនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦នេះ ខណៈដែលអភិបាលខណ្ឌ បានហៅអ្នករត់រឺម៉ក់កង់បីជាច្រើននាក់មកជួប។

លោក គួច ចំរើន បានថ្លែងថា អាជ្ញាធរមិនអនុញាតឲ្យអ្នករត់ម៉ូតូកង់បី យកចិញ្ចើមផ្លូវ ធ្វើជាបេន រឺម៉ក់ នៅជុំវិញផ្សារឡើយ ដោយសារផ្លូវតំបន់នោះ មានលក្ខណៈតូចចង្អៀត ហើយបើបងប្អូនយករឺម៉ក់ទៅចាំចាប់ម៉ូយនៅទីនោះ វានឹងធ្វើឲ្យមានការកកកកស្ទះជាក់ជាមិនខានឡើយ។

លោកអភិបាលខណ្ឌ បានបន្តទៀតថា កន្លងមកអាជ្ញាធរតែងតែ ចុះធ្វើការអប់រំ និងដោះស្រាយករណី រឺម៉ក់កង់បីដែលចត​ នៅខាងកើតផ្សារធំថ្មី ជាច្រើនលើកច្រើនសារ ប៉ុន្តែបងប្អូននៅតែបន្តចត និងចាប់ម៉ូយដដែល ទើបអាជ្ញាធរហៅបងប្អូនមកធ្វើការអប់រំ។ បងប្អូនចោទអាជ្ញាធរថា អាជ្ញាធរ បានទារលុយប្រចាំខែចំនួន២០ដុល្លារ តែតាមការពិត លោកមិនបានដឹង និងធ្វើយ៉ាងដូច្នេះទេ។

ពាក់ពន្ធ័ និងការចោទប្រកាន់ថា អាជ្ញាធរយកលុយនេះ លោក គួច ចំរើន បានប្រកាសរកមុខអ្នកយកលុយ និងអ្នកដើរនិយាយ រិះគន់ មកលើអាជ្ញាធរខណ្ឌដូនពេញដើម្បីមានវិធានការ ព្រោះថាក្នងនាមលោកជាប្រធានគណៈបញ្ជាការឯកភាព មិនអនុញាតឲ្យមន្រ្តីថ្នាក់ក្រោមណាម្នាក់​ ទារលុយពីបងប្អូននោះឡើយ។

ក្រោយពីធ្វើការប្រជុំ និងអប់រំដល់អ្នករត់ រ៉ឺម៉ក់កង់បីរួចហើយ លោកអភិបាលបានឲ្យអ្នករត់កង់បីទាំងអស់ធ្វើកិច្ចសន្យា ឈប់ឲ្យមានកន្លែងចត នៅជុំវិញផ្សារនោះទៀត ហើយបើនៅតែមានការចតរបៀបទៀតនោះ លោកនឹងមានវិធានការតាមច្បាប់៕