(ព្រះសីហនុ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលអំពាវនាវដល់ប្រជាពលរដ្ឋឲ្យរួមគ្នាគាំទ្រ និងប្រើប្រាស់ផលិតផលរបស់ខ្មែរ ដើម្បីលើកស្ទួយដល់ផលិតផល ក្នុងស្រុកឲ្យមានកេរ្តិ៍ឈ្មោះ សម្រាប់ប្រកួតប្រជែងជាមួយ ផលិតផលចូលពីបរទេស។ លោករដ្ឋមន្រ្តីថា ការគាំទ្រផលិតផលក្នុងស្រុក ដើម្បីកំណើនសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល និងបង្កើនការងារ ជូនប្រជាពលរដ្ឋកម្ពុជា។

ការថ្លែងអំពាវនាវនេះ បានធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្រ្តីអញ្ជើញ បិទពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ នៅក្នុងខេត្តព្រះសីហនុ នាចុងសប្តាហ៍កន្លងទៅនេះ។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានដាក់ចេញយុទ្ធនាការទិញផលិតផលខ្មែរ ដើម្បីបំផុសពលរដ្ឋកម្ពុជា គាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ សំដៅកាត់បន្ថយការនាំចូលទំនិញពីបរទេស ជួយពង្រឹងផលិតកម្មក្នុងស្រុក បង្កើតការងារជូនពលរដ្ឋកម្ពុជា បង្កើនចំណូលលើកស្ទួយកំណើនសេដ្ឋកិច្ច។

លោករដ្ឋមន្រ្តីបន្តថា ក្នុងឆ្នាំ២០១៦ ក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ ប្រកបដោយជោគជ័យនៅខេត្តសៀមរាប ខេត្តកំពង់ចាម និងនៅខេត្តព្រះសីហនុ ហើយនឹងបន្តធ្វើនៅរាជធានីភ្នំពេញ នាខែតុលា ខាងមុខផងដែរ។ តាមផែនការក្រសួងនឹងបន្តរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ នៅតាមបណ្តាខេត្តគោលដៅមួយចំនួនទៀតនាឆ្នាំ២០១៧ ដើមី្បបន្តបំផុសឲ្យពលរដ្ឋគ្រប់រូប ងាកមកប្រើប្រាស់ផលិតផលខ្មែរ ជួយកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូលពីបរទេស៕